ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ លោក Robert Kiyosaki ដែលជាអ្នកនិពន្ធ និងជាអ្នកវិនិយោគផ្នែកចលនទ្រព្យដ៏ល្បី នៅសហរដ្ឋអាមេរិក បានចែករំលែកគន្លឹះជាច្រើនដល់អ្នមកចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ តាមរយៈការខ្ចីដៃអ្នកដទៃ ដើម្បីយកមកវិនិយោគក្នុងវិស័យនេះ។
លោកបានលើកឡើងថា អ្នកដែលគ្មានលុយ គួរប្រើប្រាស់លុយអ្នកដទៃដើម្បីវិនិយោគ ដោយប្រើប្រាស់មូលដ្ឋានជាច្រើនដូចជា
-->
ទី១ គ្រឹះស្ថានហិរញ្ញវត្ថុ
គ្រឹះស្ថានហិរញ្ញវត្ថុ ដែលសំដៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុបានដើរតួយ៉ាងសំខាន់ក្នុងការ ជួយសម្រួលទៅដល់ មនុស្សជាច្រើន ជាពិសេសម្ចាស់អាជីវកម្មទាំងឡាយ ដែលត្រូវការលុយដើម្បីប្រើប្រាស់ក្នុងដំណើរការ និង វិនិយោគទៅលើគម្រោងផ្សេងៗ។ សម្រាប់អ្នករកស៊ី វាជារឿងជៀសមិនផុតនោះទេ ក្នុងការខ្ចីប្រាក់ពីធនាគារ ព្រោះវាជាប្រភពលុយដ៏សំខាន់ក្នុងការពង្រឹង និង ពង្រីកអាជីវកម្ម។

ទី២ អ្នកឲ្យខ្ចីលុយឯកជន
អ្នកខ្លះមានលុយច្រើន ហើយក៏ស្វាគមន៍រាល់ការខ្ចីបុល ពីមនុស្សផ្សេងៗ នៅពេលពួកអាចជឿជាក់បានថា នឹងមិនបោកប្រាស់ ឬ នឹងសងបំណុលវិញតាមការសន្យា។ អ្នកទាំងនេះអាចជា បងប្អូន មិត្តភ័ក្តិ ក្រុមហ៊ុនវិនិយោគ ឬ នរណាម្នាក់ដែលមានលុយច្រើន តែគ្មានពេលគ្រប់គ្រាន់ដើម្បីរកស៊ីខ្លួនឯង។
ទី៣ អ្នកលក់អចលនទ្រព្យ
បច្ចុប្បន្ននេះ អ្នកលក់ចលនទ្រព្យភាគច្រើន គឺប្រើប្រាស់វិធីបង់រំលង ដែលនេះជាឱកាសមួយ សម្រាប់អ្នកដែលមិនមានលុយច្រើន ក្នុងការទិញអចលនទ្រព្យ ក្នុងតម្លៃសរុបទាំងមូលតែម្តង។ សម្រាប់អ្នកដែលមានប្រភពចំណូលមួយច្បាស់លាស់ ហើយចង់ទិញប្រភេទដី ឬ ផ្ទះផ្សេងៗ គួរគិតទៅដល់វិធីនេះ ព្រោះបើអ្នករង់ចាំរហូតដល់ ពេលដែលអ្នកមានលុយគ្រប់គ្រាន់ក្នុងដៃ ដើម្បីទិញនោះប្រហែលជាអ្នកនឹងយឺតពេល ព្រោះថា តម្លៃចលនទ្រព្យចេះតែកើនឡើងរហូត ខណៈប្រាក់ចំណូលរបស់អ្នកប្រហែលជាមិនអាចសល់ ព្រោះតម្រូវការចេះតែមាន។
ទី៤ អ្នកវិនិយោគ
សម្រាប់អ្នកដែលមានផែនការអាជីវកម្មចលនទ្រព្យល្អ តែគ្មានលុយនោះ អ្នកអាចព្យាយាមស្វែងរកក្រុមអ្នកវិយោគផ្សេងៗ តែអ្វីដែលសំខាន់នោះ អ្នកត្រូវតែមានផែនការច្បាស់លាស់មួយ ដែលធ្វើឲ្យក្រុមអ្នកវិនិយោគទុននោះ មើលឃើញថា ពេលពួកគេបោះទុនចូលទៅនឹងចំណេញច្រើន៕