ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្តែងសុទិដ្ឋិនិយមថា ទំនិញជាផលិតផលកសិកម្មកម្ពុជា ជាច្រើនទៀត នឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលខាងមុខ។
លោករដ្ឋមន្រ្តីបានជួបជាមួយ លោក SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផល ដូចជា៖ ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន។
-->

យោងតាមផេករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ក្នុងជំនួបការងារនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជា នាពេលកន្លងមក។
តាមរយៈជំនួបនេះ លោកឌិត ទីណារំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រី ឌិត ទីណា បានជំរុញដល់គណៈប្រតិភូ នៃខេត្តហៃណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា និងរូបលោកផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាជំរុញ និងជ្រោមជ្រែងការផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។

លោកមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ផែនការជំនួញ (Business Plan)ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។ លោកបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់៕
ចំណងជើងរូបភាព៖ ជំនួបការងាររវាងលោក ឌិត ទីណា និងលោក SHEN Danyang នៅទីស្តីការក្រសួង
រូបភាព៖ហ្វេសប៊ុក
