ដោយៈ សុផារី
ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុនសែនកំពុងរីកមុខមាត់ និងកាន់តែមានសក្តានុពលខ្លាំងឡើង ខណៈគម្រោងធំៗជាច្រើន រួមទាំងគម្រោងអាកាសយានសដ្ឋានភ្នំពេញថ្មី គម្រោងផ្សារទំនើបធំៗ បានកំពុងលេចរូបរាង និងត្រៀមបើកដំណើរការ។
អ្នកជំនាញអចលនទ្រព្យលើកឡើងថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះ នឹងមានសក្តានុពលកាន់តែខ្ពស់ ហើយនឹងអភិវឌ្ឍន៍ទៅជាតំបន់ជឿនលឿនមួយ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
អ្នកស្រី គឹម គិនកេសា ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ហ៊ុនសែន គេសង្គេតឃើញមានភាគច្រើន ជាការអភិវឌ្ឍលើបុរី ដែលមានតម្លៃខ្ពស់ ខុនដូ អាគារពាណិជ្ជកម្ម ការិយាល័យ និងផ្សារទំនើប ជាដើម។
អ្នកនាងបន្តទៀតថា “បើធៀបនឹងប៉ែកមួយចំនួនទៀត តំបន់នេះនឹងមានការជឿនលឿនខ្លាំងនាពេលអនាគត ព្រោះវាមានទីតាំងជិតកណ្ដាលរាជធានីភ្នំពេញ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានអភិវឌ្ឍន៍ឡើង។ ក្នុងនោះក៏ប្រមូលផ្តុំដោយផ្សារទំនើបធំៗ រួមមាន ផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល ផ្សារអ៊ីអន៣ ។ល។ ហើយគម្រោងធំជាងគេនោះគឺ គម្រោងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជួយជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់នោះ ឲ្យកាន់តែរីកចម្រើន ជាពិសេសតម្លៃ នៃទីផ្សារអចលនទ្រព្យក៏នឹងមានកំណើនខ្ពស់ផងដែរ។
អ្នកស្រីកេសាបានបន្តថា នៅតាមបណ្តោយផ្លូវនេះ តម្លៃដីធ្លីជាមធ្យមអាចមានចន្លោះពី៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមតំបន់។

ជាមួយគ្នានេះ លោកស្រី តាំង ហ៊ួរ អគ្គនាយិកាក្រុមហ៊ុន Amaktak Property បានបញ្ជាក់ថា តំបន់នេះមានការឬីកចម្រើន ព្រោះផ្លូវនេះជាតំបន់អភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅជាប់កណ្ដាលក្រុងភ្នំពេញ។ ជាពិសេស វាជាផ្លូវភ្ជាប់ទៅក្រវាត់ក្រុងនានា និងភ្ជាប់ទៅកាន់អាកាសយានដ្ឋានថ្មី នៅក្នុងខេត្តកណ្តាលផងដែរ។
លោកស្រីបន្តថា “នៅតាមផ្លូវនេះមានគម្រោងផ្សារទំនើប និងសាលារៀនល្បីៗ ដែលបានជំរុញ និងទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុន”។
ការអភិវឌ្ឍឆ្ពោះទៅកាន់ទិសខាងត្បូង នៃរាជធានីភ្នំពេញកំពុងត្រូវបានចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគ និងអ្នកជំនាញសេដ្ឋកិច្ច ជាពិសេសអ្នករកស៊ីប្រកបអាជីវកម្ម នៅក្នុងទីផ្សារអចលនទ្រព្យតែម្តង ដោយសារតំបន់ខាងលើនេះត្រូវបានរំពឹងថា នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងវិនិយោគ មិនខាញ់តំបន់ផ្សេងៗឡើយ៕







