កម្ពុជា-ឡាវ ពិភាក្សាអំពីសមិទ្ធលទ្ធភាពសហការបញ្ជូនអគ្គិសនី ទៅកាន់ប្រទេសសិង្ហបុរី

0

ដោយៈ សុខុម

វៀងចន្ទន៍: មេដឹកនាំកម្ពុជា-ឡាវ បានពិភាក្សាគ្នាអំពីការសិក្សាសមិទ្ធលទ្ធភាព លើការសហការបញ្ជូនអគ្គិសនីពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។

កិច្ចបិភាក្សានេះធ្វើឡើង អំឡុងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសនេះកាលពីសប្តាហ៍មុន។

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បន្ទាប់ពីទទួលបានការអញ្ជើញពីឯកឧត្ដម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ។

មេដឹកនាំកំពូលទាំងពីរបានពិភាក្សាគ្នា អំពីបញ្ហាជាច្រើនរាប់ចាប់ពីបញ្ហាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចដែលពាក់ព័ន្ធប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ។

ក្រោយជំនួបនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កម្ពុជា នឹងទិញថាមពលអគ្គិសនីពីប្រទេសឡាវ បន្ថែមទៀតជាមួយនឹងក្ដីរំពឹងសម្រេចបានកំណើនសេដ្ឋកិច្ច ដែលនឹងត្រូវការការផ្គត់ផ្គង់ថាមពលអគ្គិសនីកាន់តែច្រើន។

ប្រទេសឡាវ និងកម្ពុជា នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ខណៈប្រទេសទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងទិញអគ្គិសនីដើរដោយថាមពលធ្យូងថ្ម និងអគ្គិសនីចេញពីរោងចក្រវារីអគ្គិសនី នៅប្រទេសឡាវផងដែរ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាអំពីលទ្ធភាព នៃការកសាងផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ប្រទេសទាំងពីរ និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ផងដែរ៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here