វិនិយោគិនចិន​នឹងត្រឡប់មក​កម្ពុជា​វិញឆាប់ៗនេះ ជាមួយសញ្ញាវិជ្ជមានជាច្រើន

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមអ្នកវិនិយោគ និងអ្នកជំនួញចិនមានបំណងចង់ត្រលប់មកកម្ពុជាវិញបន្ទាប់ពីប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញ។

ភាពស្និទ្ធស្នាលរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរបានកើតឡើងជាថ្មីម្តងទៀតនៅក្នុងវេទិកាមួយ ដែលរៀបចំដោយវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) នៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញនេះ។

នៅក្នុងវេទិកានោះមានអ្នកចូលរួមជិត២០០នាក់ រួមទាំងមន្ត្រី ពាណិជ្ជករ និងអ្នកវិនិយោគតំណាងឱ្យប្រទេសកម្ពុជា និងចិនផងដែរ។

ថ្លែងនៅក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កម្ពុជាកំពុងរំពឹងថា នឹងមានការកើនឡើងនៃពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង បន្ថែមពីលើការក្លាយជា  ភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

លោកបានបន្តថា “កម្ពុជាបានធ្វើកំណែទម្រង់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីគាំទ្រដល់ការវិនិយោគ និងធុរកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងជំរុញឱ្យក្រុមពាណិជ្ជករមកពីប្រទេសចិនបង្កើនកម្រិតនៃការវិនិយោគនៅកម្ពុជា”។

លោកបានមានប្រសាសន៍ថា “ពាណិជ្ជករ និងអ្នកវិនិយោគចិនអាចប្រើប្រាស់ឱកាសដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏បានបញ្ចុះបញ្ចូលពួកគេឱ្យដំណើរការអាជីវកម្មនៅកម្ពុជាដូចកាលពីមុនវិបត្តិកូវីដ-១៩ផងដែរ”។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា និងគោលនយោបាយមិត្តភាពពាណិជ្ជកម្មរបស់រដ្ឋាភិបាល និងឱកាសដែលផ្តល់ដល់ធុរកិច្ច និងអ្នកវិនិយោគចិនផងដែរ។

លោក Shen Danyang អភិបាលរងខេត្ត Hainan បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងខេត្តនេះ និងកម្ពុជាក្នុងវិស័យកសិកម្ម ជាពិសេសគឺការដាំដុះ និងការធ្វើពាណិជ្ជកម្មផ្លែចេក។

លោកបន្តថា “ខេត្តហៃណាននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងពង្រីកទំនាក់ទំនងទេសចរណ៍ និងការវិនិយោគជាមួយកម្ពុជាផងដែរ”។

លោក Shen បានអះអាងថា “យើងគួរតែប្រើប្រាស់កិច្ចព្រមព្រៀង FTA កម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសជាមួយខេត្តហៃណាន”។

លោកក៏បានលើកទឹកចិត្តដល់បណ្តាសហគ្រាសនៅក្នុងខេត្តហៃណានឱ្យស្វែងរកការវិនិយោគដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា និងធ្វើជាដៃគូជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាផងដែរ។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាច្រើន និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុក។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី និងកិច្ចព្រមព្រៀង RCEP បានបើកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា ជាពិសេសទំនិញកសិកម្ម”។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺជាឱកាសដ៏ធំមួយសម្រាប់វិស័យកសិកម្មរបស់កម្ពុជា ដោយសារប្រទេសចិនជាទីផ្សារដ៏ធំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here