ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ គណៈប្រតិភូក្រសួងសាធារណៈការ ដឹកនាំដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះបំពេញបេសកកម្មចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ប្រវែង១៩៦ គីឡូម៉ែត្រ ដែលរំពឹងថានឹងរួចរាល់សព្វគ្រប់ក្នុងឆ្នាំ២០២៥ខាងមុខ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះកាលពីថ្ងៃទី២៣ កុម្ភៈកន្លងមកនេះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្ន គម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី២គន្លង ទៅជា៤គន្លង។
-->

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង២៦គីឡូម៉ែត្រទៀត នឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។
ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះ ដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង៣២កន្លែងនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។
នៅក្នុងគម្រោងនេះ ក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមកុំដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ដោយច្បាប់ ដែលបណ្ដាលឱ្យផ្លូវថ្នល់ឆាប់មានការខូច។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានផ្ដល់ជូននូវរូបមន្តមួយ ដែលទទួលបានពីធនាគារពិភពលោក សម្រាប់បង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងថា ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ គឺជាមូលហេតុចម្បងនាំឱ្យផ្លូវរបស់យើងទាំងអស់មានការសឹករេចរឹល។
ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិ តែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះនឹងត្រូវលើកកម្រិតគុណភាពជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕
