ខេត្តសក្តានុពលចំនួន៣នឹងរំពឹងទទួលបានការទាក់ទាញវិនិយោគិនច្រើន នាពេលអនាគតឆាប់ៗនេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សក្ដានុពលអចលនទ្រព្យជាពិសេសដីធ្លី នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ប៉ុន្តែនាពេលអនាគតឆាប់ៗនេះខេត្ត៣ រំពឹងថានឹងកាន់តែទាក់ទាញ ដល់ការវិនិយោគពីសំណាក់វិនិយោគ លើអចលនទ្រព្យបន្ថែម។

បណ្តាខេត្តទាំងនោះរួមមាន ខេត្តស្វាយរៀង សៀបរាប និងខេត្តបន្ទាយមានជ័យ ស្របនឹងខេត្តទាំង៣នេះ ក៏កំពុងមានផែនការរៀបចំនិង​ការដាក់ឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ធំៗរបស់រដ្ឋាភិបាល។

ខេត្តស្វាយរៀង នឹងត្រូវទាក់ទាញកាន់តែខ្លាំង នៅពេលឆាប់ៗនេះ ដោយសារតែគម្រោងធំៗ២របស់ដ្ឋបាន និងកំពុងអនុវត្តន៍ដំណើរការ និងកំពុងសិក្សា ក្នុងនោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងត្រូវបើកការ​ដ្ឋានសាងសង់នៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ខណៈផ្លូវរថភ្លើងល្បឿនលឿន ក៏រដ្ឋាភិបាលបានលើកជាគម្រោង ដើម្បីតភ្ជាប់ពីភ្នំពេញទៅកាន់ទៅក្រុង​បាវិតផងដែរ មុននឹងតភ្ជាប់ទៅកាន់ទីក្រុងហូ ជីម៉ិញប្រទេសវៀតណាម​។

អ្នកជំនាញអចលនទ្រព្យប្រចាំខេត្តមួយនេះ លោកថា ថេង បានឱ្យដឹងថាសក្ដានុពលខេត្តស្វាយរៀង នឹងកាន់តែទាក់ទាញខ្លាំងបន្ថែមទៀតជាពិសេសនៅ ក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមដំណើរការសាងសង់ និងពេលផ្លូវនេះដាក់ដំណើរការជាផ្លូវការ ។

លោកបន្តថា ចាប់តាំងពីផ្លូវនេះ បានប្រកាសពីកាលបរិច្ឆេទបើកការសាងសង់អ្នកវិនិយោគ ចាប់ផ្ដើមចាប់អារម្មណ៍ លើការវិនិយោគក្នុងខេត្តស្វាយច្រើន ជាពិសេសនៅតំបន់ក្រុងបាវិតផ្ទាល់តែម្ដង ដែលធ្វើឱ្យសកម្ម​ភាពនៃការទិញលក់ដីធ្លីនៅតំបន់នេះ ចាប់ផ្ដើមមានសកម្មភាពកម្រើកជាងមុនបន្តិច។

ក្រលេកទៅមើលខេត្តសៀមរាបឯណោះវិញ ក៏នឹងត្រូវមានការអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញ សៀមរាបផងដែរ ដែលគម្រោងនេះនឹងទាក់ទាញដល់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ស្របនឹងខេត្តមួយនេះក៏កំពុងមានសក្ដានុពលស្រាប់ទៅហើយ ដោយមានផ្លូវជាច្រើនខ្សែក្នុងក្រុងសៀម​រាប និងព្រលានយន្តហោះអន្តរជាតិថ្មី ត្រៀមបើកដំណើរការ គំរោងសាងសង់ខ្សែរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងប៉ោយប៉ែត។

យ៉ាងណាក្ដីមកដល់ពេលនេះ ខេត្តសៀមរាប នៅមិនទាន់មានការអភិវឌ្ឍគម្រោងធំៗថ្មីៗនៅឡើយទេ ប៉ុន្តែអ្នកជំនាញនិងអ្នកអភិវឌ្ឍន៍នៅក្នុងខេត្តមួយនេះរំពឹងថា វិនិយោគិនទាំងក្នុង និងក្រៅស្រុក នឹងចូលមកកាន់ទឹកដីនៃខេត្តសៀមរាបឡើងវិញ ដើម្បីស្វែងរកការវិនិយោគបន្ត។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropnex Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បាននិងកំពុងជួយលើកកំពស់កិត្យានុភាព ការវិនិយោគនៅខេត្តទេសចរណ៍នេះមួយកម្រិតទៀត ប៉ុន្តែល្បឿននៃការអភិវឌ្ឍ អាស្រ័យលើកំលាំងទិញ​របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ប៉ុន្តែអំណាចនៃការទិញនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ។

អ្នកស្រីបន្តថា “យ៉ាងណា ការអភិវឌ្ឍន៍ព្រលានយន្តហោះ ផ្លូវ៣៩ខ្សែ និងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត នឹងជួយជម្រុញល្បឿ​ននៃការអភិវឌ្ឍក្នុងខេត្តនេះ កាន់តែប្រសើរនាពេលអនាគត”។

ចំណែកឯខេត្ត ដែលនឹងមានសក្ដានុពលកាន់តែខ្លាំង នាពេលឆាប់ៗខាងមុខមួយទៀតនោះ គឺបន្ទាយមានជ័យ ជាពិសេសក្រុងប៉ោយប៉ែត ដែលជាប់នឹងព្រំប្រទល់ប្រទេសថៃ។

ខេត្តមួយនេះ មានគម្រោងអភិវឌ្ឍធំមួយ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយគឺគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីភ្នំពេញ ដែលមានទឹកប្រាក់វិនិយោគរហូតដល់៤ពាន់លានដុល្លារអាមេរិក។ នៅពេលគម្រោងនេះចាប់ផ្ដើម អ្នកវិនិយោគនឹងសម្លឹងពីឱកាស ក្នុងការស្វែងរកទីតាំងបណ្ដា​ក់ទុនវិនិយោគនានា ហើយនៅពេលគម្រោងនេះសាងសង់រួច ក៏រំពឹងថាអ្នកវិនិយោគកាន់តែច្រើន ក៏នឹងចាប់ផ្ដើមអនុវត្តគម្រោងរបស់ពួកគេផងដែរ។

ក្រៅពីខេត្តទាំងនេះ បណ្ដាខេត្តមួយចំនួនទៀត ក្នុងព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងមានការចាប់អារម្មណ៍ លើការវិនិយោគដីធ្លីជាបន្តបន្ទាប់ដូចគ្នា ស្របនឹងរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្តទាំងនោះដូចគ្នា។

កត្តាទាំងនេះ ក៏បាននឹងកំពុងជំរុញតម្លៃដីធ្លី តាមបណ្ដាខេត្តឱ្យមានតម្លៃដេញតាមពីក្រោយតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here