ដោយ: គង់ លាងហួរ
ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានស្វាគមន៍ការហោះហើរពីទីក្រុង Shenzen ប្រទេសចិន ដោយក្រុមហ៊ុន Hainan Airlines ។នេះបើយោងតាមអាកាសយានដ្ឋានកម្ពុជា។
ប្រភពបានចង្អុលបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៥ Skytrax នឹងបើកដំណើរការជើងហោះហើរពីរដង ក្នុងមួយសប្តាហ៍ដែលបានចាប់ពីថ្ងៃទី២២ ខែកុម្ភៈ នៅថ្ងៃពុធនិងថ្ងៃអាទិត្យ រវាងទិសដៅទាំងពីរ។
-->
ជើងហោះហើរត្រង់ថ្មីនេះ រវាងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា និងទីក្រុង Shenzhen នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងជួយជំរុញដល់ការតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ។

ភ្ញៀវទេសចរចិន បានត្រឡប់មកកម្ពុជាឡើងវិញហើយ បន្ទាប់ពីរដ្ឋាភិបាលចិនបានលុបចោល ការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ។
ទន្ទឹមនឹងនេះ កម្ពុជាបានដាក់ចេញនូវគោលដៅ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ចំនួន៤,៣លាននាក់ក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងពី២,៣លាននាក់ក្នុងឆ្នាំ២០២២។
កាលពីខែមករាកន្លងទៅ កម្ពុជាទទួលាបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០០.០០០នាក់ ក្នុងនោះភ្ញៀវទេសចរចំនួន២៥.០០០នាក់ ជាជនជាតិចិន ពោលគឺកើនឡើងរហូតដល់៩០១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ចំនួនជើងហោះហើរវាងចិន និងកម្ពុជាកំពុងមានសញ្ញាកើនឡើង ចាប់ពីខែមករា ដល់ខែកុម្ភៈឆ្នាំនេះ ដែលវាជាសញ្ញាវិជ្ជមានមួយនៃការមកដល់របស់ភ្ញៀវទេសចរណ៍ ការធ្វើពាណិជ្ជកម្ម និងលំហូរវិនិយោគរបស់ចិន៕
