ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានអញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)
សិក្ខាសាលានេះបានចាប់ផ្តើម កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
-->
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីប្រកាសជាផ្លូវការអំពីការចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ ពិភាក្សានិងបញ្ជាក់ពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការអនុវត្តកម្មវិធី និងការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៣។
គម្រោងនេះមានរយៈពេល៧ឆ្នាំ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ដូចជា បន្លែ មាន់ ស្វាយចន្ទី ផ្លែឈើស្រស់ និងផលិតផលផ្លែឈើកែច្នៃ។

លោករដ្ឋមន្រ្តីបានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករចាកចេញពីភាពក្រីក្រ។
លោកបញ្ជាក់ថា “គោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ”។លោកបន្តថា “គោលនយោបាយនេះរំពឹងថា នឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពគម្រោង។ សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិតកម្ម តាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ”។
លោកឌិត ទីណាបានបន្ថែមទៀតថា គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ក្នុងការកាត់បន្ថយការចំណាយ។ ជាមួយគ្នានេះដែរ ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដែលចំណាយតិចដូចជាប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យ ឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី៕
