ដោយៈគង់ សូរិយា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឲ្យដឹងថា តាមរយៈកំណត់ទូតដែលកម្ពុជាទទួលបាន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោក Anwar Ibrahim នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលទើបចូលកាន់តំណែង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីស្រាយបួស របស់សាសនិកឥស្លាមជាមួយសម្ដេច នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៧ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា មិនមែនជាប្រទេសកាន់សាសនាឥស្លាមក៏ពិតមែន ប៉ុន្ដែតែងតែរៀបចំជារៀងរាល់ឆ្នាំ ដោយធ្វើការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី ជាមួយសាសនិកឥស្លាម ដើម្បីរៀបចំពិធីស្រាយបួសប្រកបដោយភាពស្និតស្នាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា មានកំណត់ទូតមួយ នាយករដ្ឋមន្ដ្រីរបស់ម៉ាឡេស៉ី ដែលទើបឡើងថ្មី Anwar Ibrahim គាត់នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា រួចហើយចូលរួមស្រាយបួសតែម្ដង។ យើងមិនមែនជាប្រទេសមុស្លឹមទេ ប៉ុន្ដែយើងមានការជួបគ្នាជាប្រចាំឆ្នាំ ក្នុងពិធីស្រាយបួសជារៀងរាល់ឆ្នាំ ហើយប្រទេសដែលកាន់សាសនាឥស្លាមមួយ នឹងមកចូលរួមទស្សនកិច្ចផ្លូវការ ហើយចូលរួមស្រាយបួសតែម្ដង។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា “កន្លងទៅនៅពេលរាជរដ្ឋាភិបាល រៀបចំពិធីស្រាយបួស គឺតែងតែមានឯកអគ្គរដ្ឋទូតបណ្ដាប្រទេសកាន់សាសនាឥស្លាម ចូលរួម រួមទាំងអគ្គលេខាធិការអង្គការOICផងដែរ ហើយឆ្នាំនេះកាន់តែពិសេស ដោយសារមានវត្តមានរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី”។ សម្តេចបន្តថា “តាមរយៈអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់នេះ គឺបង្ហាញដោយឃើញពីភាពសុខដុមនីយកម្មរវាងជាតិសាសន និងសាសនានៅកម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅថ្មីៗនេះ សម្ដេចទើបជួបសំណេះសំណាលអបអរសាទរ ខួប១០០ឆ្នាំ នៃគ្រិស្ដសាសនានៅកម្ពុជា ដែលមានអ្នកចូលរួមជាច្រើនម៉ឺននាក់។ បើតាមអ្វីដែលគ្រោងទុកនោះ សម្ដេចក៏នឹងជួបជាមួយអាចារ្យ និងយាយជីផងដែរ។

បើទោះបីរដ្ឋធម្មនុញ្ញ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ប៉ុន្ដែប្រមុខនៃរាជរដ្ឋាភិបាល បានបើកឱកាសឲ្យប្រជាពលរដ្ឋគោរព និងមានជំនឿសាសនាផ្សេងៗ ក្រៅពីព្រះពុទ្ធសាសនាដោយគ្មានការបង្ខិតបង្ខំនោះឡើយ ហើយក៏ទទួលបានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់។
យោងតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ឥស្លាម មានវិហារ/វត្ត ចំនួន៥៧៦កន្លែង, ស៊ូរ៉ាវ ចំនួន៧៩៧កន្លែង សាលាចំនួន៥៥៧កន្លែង អង្គការសមាគមចំនួន២៤កន្លែង។ សាសនិកខ្មែរឥស្លាមសរុបរួម ចំនួន៦៩៤,៦៧៥នាក់។
គ្រិស្តសាសនា មានវិហារ/វត្ត ចំនួន៧២៦កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន១,៤៣៩កន្លែង សាលាចំនួន១,០១៣កន្លែង អង្គការសមាគមចំនួន១១៧កន្លែងមានបរិស័ទ ចំនួន១១៥,១២៣នាក់។
មហាយាន កន្លែងគោរពប្រតិបត្តិ ចំនួន២៦៩កន្លែង បរិស័ទរួម ចំនួន៣៦,៧២៨នាក់។ បាហៃកន្លែងគោរពប្រតិបត្តិចំនួន២២កន្លែង បរិស័ទ ចំនួន២,៨០៤នាក់។ កៅដាយកន្លែងគោរពប្រតិបត្តិ ចំនួន៣កន្លែង បរិស័ទ ចំនួន៤៤០នាក់៕