ដោយៈគង់ សូរិយា
សៀមរាបៈ ជាមួយនឹងផែនការ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ អ្នកអភិវឌ្ឍន៍គំរោងដ៏ធំទំហំ៣០០ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជ្រើសរើសយុវជនវ័យក្មេង មានទេពកោសល្យមួយក្រុម ដើម្បីប ណ្តុះបណ្តាលអាជីពបាល់ទាត់ ដ៏មានសក្តានុពល។
ប្រធានក្លឹបសៀមរាប យូណាយធីត ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោង “បំពេញរាជ” បាននិងកំពុងសាងសង់ផ្ទះលំហែរកាយ ដីលំហែរ កីឡាដ្ឋានតាមបទដ្ឋានអន្តរជាតិ ទីតាំងលំហែរ ដើមឈើធំៗចំនួន២០០ប្រភេទ និងសេវាកម្មបំរើទេសចរណ៍ជាច្រើនទៀត ដើម្បីបំពេញបន្ថែមនូវសក្តានុពលមូលដ្ឋានដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាស្រុកបន្ទាយស្រីខេត្តសៀមរាប។
-->
ជាក់ស្តែងនៅថ្ងៃទី២៤ កុម្ភៈនេះ អ្នកអភិវឌ្ឍន៍គំរោងនេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយពីសកម្មភាព និងផែនការរបស់ក្លឹបសៀមរាបយូណាយធីត និងពិសារអាហារសាមគ្គីជុំគ្នា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។
ក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានបង្កើតឡើងក្នុងឆ្នាំ២០១៩ តែក្លឹបបាល់ទាត់មួយនេះ មានចក្ខុវិស័យខ្ពស់ក្នុងការជំរុញការបណ្ដុះបណ្ដាលយុវជន ឱ្យក្លាយជាកីឡាករមានឈ្មោះបោះ សម្លេងលើឆាកអន្តរជាតិនៅពេលអនាគត ។
បច្ចុប្បន្ននេះ ក្លឹបបាល់ទាត់សៀមរាប យូណាយធីតបាន និងកំពុងបណ្ដុះបណ្ដាលធនធាន កីឡាករវ័យក្មេងយ៉ាងសកម្ម ជាមួយនឹងការបណ្ដុះបណ្ដាលអប់រំសុជីវធម៌របស់កីឡាករ បំណិនជីវិតដល់កីឡាកររបស់សៀម រាបយូណាយធីតពីព្រោះថា កីឡាករដែលល្អ មិនមែនមានតែជំនាញបច្ចេ កទេសផ្នែកកីឡារបស់ពួកគេប៉ុណ្ណោះទេ តែក៏ជាកីឡាករដែលមានសុជីវធម៌ សីលធម៌រស់នៅក្នុងសង្គមបានល្អផងដែរ ។

ក្លឹបបាល់ទាត់សៀមរាបយូណាយធីត មានទីតាំងហ្វឹកហាត់កីឡាករពីរទីតាំង ដោយមួយនៅក្នុងក្រុងសៀមរាប និងមួយទៀតនៅក្នុងស្រុកបន្ទាយស្រី ដោយមានគ្រូបង្វឹកជាអ្នក ដែលមានជំនាញ មានបទពិសោធន៍សញ្ញាបត្រទទួលស្គាល់ ដោយស្ថាប័នបាល់ទាត់អន្តរជាតិ។ ចំណែកកីឡាកររបស់សៀមរាបយូណាយធីត ក៏ជាកីឡាករដែលមានភាពរឹងមាំទាំងកាយសម្បទា និងទឹកចិត្ត ។
សព្វថ្ងៃនេះ សៀមរាបយូណាយធីត មានកុមារថ្នាលចំនួន១៦នាក់ ដោយពួកគេ ក៏ទទួលបានការបណ្ដុះបណ្ដាល នៅសាលាអន្តរជាតិល្បីឈ្មោះក្នុងខេត្តសៀមរាប គឺវិទ្យាស្ថានអប់រំសាំងហ្គាពួរ ហើយកុមារថ្នាលទាំង១៦នាក់របស់សៀមរាបយូណាយធីត ក៏ត្រូវបានស្នាក់នៅក្នុងផ្ទះដែលផ្ដល់ជូនដោយក្លឹប បាល់ទាត់ដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាប។
កីឡាកររបស់សៀមរាបយូណាយធីត ត្រូវតែចេះធ្វើការងារជាក្រុម ចេះយល់ដឹង និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ។
កុមារថ្នាលរបស់សៀមរាបយូណាយធីត ត្រូវចំណាយពេល២ម៉ោងជាមួយគ្រូបង្វឹករបស់ពួកគេជារៀងរាល់ថ្ងៃ ហើយនៅពេលចប់ការហ្វឹកហាត់ក្មេងៗទាំង១៦ត្រូវត្រលប់មកផ្ទះវិញ បោកសម្លៀកបំពាក់រៀបចំអាហារពេលល្ងាច។

នៅពេលញ៉ាំអាហារពេលល្ងាចរួច យុវជនក្មេងៗៗសៀមរាបយូណាយធីត ត្រូវឆ្លាស់វេនគ្នាត្រូវរៀនភាសាអង់គ្លេស បច្ចេកទេសឌីជីថលមុនពេលត្រូវធ្វើកិច្ចសាលារៀនម្ដងទៀត។ មុនពេលចូលគេង ក្មេងៗត្រូវបានអនុញ្ញាតឱ្យទាក់ទង ជាមួយមាតាបិតារបស់ពួកគេ៣០នាទី ហើយបន្ទាប់ពីនោះក៏អនុញ្ញាតឱ្យពួកគេជជែកពីបាល់ទាត់ ឬអ្វីដែលទាក់ទងនឹងការអភិវឌ្ឍវិស័យបាល់ទាត់ ។ ម៉ោង១០យប់ក្មេងៗទាំងអស់គឺត្រូវតែចូលគេង ។

ចក្ខុវិស័យដ៏ធំរបស់សៀមរាបយូណាយធីត គឺឆ្នាំ២០៣០ កម្ពុជាត្រូវចូលលេងក្នុងពានរង្វាន់World Cup ឱ្យបាន។
អ្នកគ្រប់គ្រងក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានលើកឡើងជាសំណួរថា “ខ្មែរយើងអាចសាងសង់អង្គរបាន ចុះហេតុអ្វីខ្មែរយើងជំនាន់ក្រោយរឿងអ្វី ដែលយើងមិនអាចចូលលេង ក្នុងពានរង្វាន់World Cup បាន”។ លោកបន្ថែមថា “ចាប់ពីពេលនេះតទៅ គឺជាពេលវេលាដែលត្រូវដុះខាត់ធនធានកីឡាករ របស់កម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចឱ្យបានគោលដៅ។

គំរោងអភិវឌ្ឍន៍ “បំពេញរាជ” បាននិងកំពុងសាងសង់ស្តាតសម្រាប់ហ្វឹកហាត់ដល់កីឡាករ ក្នុងក្លឹបសៀមរាប យូណាយធីត ក៏ដូចជា កីឡាករក្នុងកម្រិតតំបន់ផងដែរ ដែលបច្ចុប្ប្នកីឡាដ្ឋាន ដែលផ្ទុកមនុស្សបានជាង៤០០០នាក់បាននិងកំពុងបញ្ចប់ការសាងសង់ និងត្រៀមការសាងសង់កីឡាដ្ឋាន ដែលអាចផ្ទុកមនុស្សបានជាង២៥០០០នាក់ នៅឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខនេះ៕
