លោក Li Ka-shing បន្តរក្សាតំណែងជាមហាសេដ្ឋីមានទ្រព្យច្រើន ជាងគេបំផុតទី១នៅទីក្រុងហុងកុង

0

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Li Ka-shing លោក Lee Shau-kee និងលោក Henry Cheng គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ បំផុតទាំង៣រូបនៅក្នុងទីក្រុងហុងកុងជាថ្មីម្តងទៀត។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន South China Morning Post នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាមបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋី Forbes Hong Kong Richest List បានចុះផ្សាយថា “មហាសេដ្ឋីកំពូលចំនួន២០រូប ក្នុងចំណោម៥០រូប ទទួលបានទ្រព្យពីវិស័យអចលនទ្រព្យ៦រូបទទួលបានពីវិស័យផលិតកម្ម និង៤រូបទទួលបានពីវិស័យដឹកជញ្ជូន”។

បច្ចុប្បន្ននេះ មហាសេដ្ឋីទាំង៥០នាក់មានទ្រព្យសម្បត្តិ សរុបចំនួន៣២៤ពាន់លានដុល្លារអាមេរិក ដែលធ្លាក់ចុះ៤ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។

លោក Li Ka-shing ដែលមានវ័យអាយុ៩៤ឆ្នាំ អតីតប្រធានក្រុមហ៊ុន CK Hutchison Holdings នៅតែជាមហាសេដ្ឋីមានទ្រព្យច្រើនជាងបំផុតទី១នៅទីក្រុងហុងកុង ជាមួយនឹងអាជីវកម្មចម្រុះ ដែលផ្តល់ឱ្យគាត់នូវទ្រព្យសម្បត្តិសុទ្ធចំនួន៣៩ពាន់លានដុល្លារ កើនឡើង៣ពាន់លានដុល្លារពីឆ្នាំ២០២២។

មហាសេដ្ឋីអចលនទ្រព្យ Lee Shau-kee ដែលមានអាយុ៩៥ឆ្នាំបានរក្សាចំណាត់ថ្នាក់ទី២ ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោក បានធ្លាក់ចុះ១១ភាគរយ ដល់៣០,៣ពាន់លានដុល្លារយ៉ាងណាក្តី។

លោក Henry Cheng ជាកូនប្រុសរបស់មហាសេដ្ឋី Cheng Yu-tung បានជាប់ចំណាត់ថ្នាក់លេខ៣ ចាប់តាំងពីឆ្នាំ២០២០។

ដោយសារតម្រូវការចិញ្ចៀនមាស និងខ្សែកបានកើនឡើង ភាគហ៊ុនរបស់ក្រុមហ៊ុន Chow Tai Fook Jewellery Group របស់លោក Henry Cheng បានហក់ឡើងជិត២០ភាគរយ ដល់២៨,៩ពាន់លានដុល្លារ ដែលបង្កើនទ្រព្យសម្បត្តិរបស់លោកចំនួន២,៥ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here