ដោយៈ សុខុម
អន្តរជាតិ: នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទើបតែពេលនេះទេដែលសហរដ្ឋអាមេរិក ស្ថិតក្នុងជំហរដ៏រឹងមាំបំផុត នៅក្នុងប្រកួតប្រជែងនឹងមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។
យោងតាមគេហទំព័រ Free Citizens Network ចុះផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឱ្យដឹងថា សហរដ្ឋអាមេរិក នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនបំផុតរបស់ខ្លួន ក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយអត្រាគ្មានការងារធ្វើ គឺមានត្រឹមតែ៣,៤%ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមិនធ្លាប់មានក្នុងពេល៥០ឆ្នាំមកនេះ ហើយបច្ចុប្បន្នកំពុងតែស្ថិត នៅលើមាគ៌ាឆ្ពោះទៅវ៉ាដាច់ប្រទេសចិនជាថ្មីទៀត។
ភាពតានតឹងនាពេលថ្មីៗនេះ ជាមួយប្រទេសចិន ដូចជាករណីបាឡុងចារកម្មយកការណ៍សម្ងាត់ជាដើម បានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តែប្រេះឆាថែមទៀត។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងពីបញ្ហាទាំងនេះនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំទៅកាន់ពលរដ្ឋអាមេរិក។
លោកថ្លែងថា “រដ្ឋការរបស់លោកកំពុងប្រឹងប្រែង ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ហើយក៏បាននិងកំពុងព្យាយាមបញ្ចៀសមិនជម្លោះផងដែរ”។
លោក ចូ បៃឌិន បានសង្កត់ធ្ងន់លើអាទិភាពនានា ដូចជា ការជំរុញការផលិតក្នុងស្រុក និងការនាំយកអាជីវកម្មត្រលប់ ទៅកាន់សហរដ្ឋអាមេរិក វិញ ជំនួសឱ្យការពឹងផ្អែកលើបណ្ដាដៃគូអន្តរជាតិ ដូចជាប្រទេសចិន ជាដើម។

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចអាមេរិក មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយការងារចំនួន៥១៧.០០០កន្លែង ត្រូវបានបង្កើតឡើងគ្រាន់តែក្នុងខែមករាដើមឆ្នាំនេះ។ ការងារថ្មីសរុបចំនួន១២លានកន្លែងត្រូវបានបង្កើតឡើង រួមទាំងការងារផលិតក្នុងស្រុកចំនួន៨០០.០០០កន្លែងផងដែរ ហើយមានពលរដ្ឋអាមេរិក ជាង១០លាននាក់បានដាក់ពាក្យសុំបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។
បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងផលទុនជាតិសរុប (GDP) ២៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ គឺច្រើនជាងមហាយក្សចិន ចំនួន៥ទ្រីលានដុល្លារ៕ Free Citizens Network៕