សកម្មភាពវិនិយោគនិងតម្លៃដីធ្លីតាមបណ្ដោយផ្លូវជាតិលេខ៤រំពឹងល្អឡើងវិញក្រោយគម្រោងអភិវឌ្ឍន៍ផ្លូវនេះបញ្ចប់

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងផ្លូវលើកកម្ពស់ កម្រិតគុណភាពផ្លូវជាតិលេខ៤ កំពុងមានភាពមាញឹក ក្នុងការសាងសង់និងអភិវឌ្ឍន៍ ដែលផ្លូវនេះវានៅតែមានសារសំខាន់ ក្នុងការបម្រើដល់វិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជា បើទោះ​បីជាផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានដាក់ដំណើរការរួចរាល់ក្ដី។

អ្នកជំនាញនៃវិស័យអចលននវត្ថុកម្ពុជា មើលឃើញថានៅពេលគម្រោងផ្លូវនេះ អភិវឌ្ឍន៍រួចរាល់ វានឹងជំរុញឱ្យសកម្មភាព នៃការវិនិយោគនិងតម្លៃដីធ្លីមានភាពប្រសើរឡើងវិញ។

បើតាមការសង្កេតជាក់ស្ដែងអាជីវកម្ម ក៏ដូចជា សកម្មភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ហាក់មានការថមថយខ្លាំងបន្ទាប់ពីផ្លូវល្បឿនលឿន បានសាងសង់រួចនិងដាក់ដំណើរការ ដោយអ្នកដំណើរភាគច្រើន បានធ្វើដំណើរតាមផ្លូវល្បឿនលឿន ជំនួសឱ្យផ្លូវជាតិលេខ៤ ពីព្រោះតែវាលឿនរហ័ស ចំណាយពេលខ្លី និងអស់ថវិកាតិចបើទោះបីជាត្រូវបង់កម្រៃសេវាក៏ដោយ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍តាមទូរសព្ទនៅល្ងាចថ្ងៃទី២៤ កុម្ភៈ ២០២៣នេះឱ្យដឹងថា ទោះបីជាផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានដាក់ដំណើរការក្ដី តែផ្លូវជាតិលេខ៤នឹងនៅតែមានសារសំខាន់ ក្នុងការដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនឆ្លងកាត់ខេត្តមួយទៅខេត្តមួយ។ ផ្លូវនេះ នឹងកាន់តែមមាញឹកឡើងវិញនៅពេលវាសាងសង់រួចរាល់ ដោយមួយប្រជាពលរដ្ឋមួយចំនួន នឹងអាចមានជម្រើស ក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនឬក៏ផ្លូវជាតិលេខ៤ ។

លោកបន្ថែមថា ចំណែកសកម្មភាពវិនិយោគ ដូចជា ឧស្សាហកម្មរោងចក្រ សហគ្រាសនៅតំបន់ដែលជាប់នឹងផ្លូវជាតិលេខ ក៏ដូចជាការអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវនេះ ក៏នឹងកើតឡើងនៅពេលដែលផ្លូវបានស្ថាបនាជាថ្មីរួចរាល់ ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតែ៧ម៉ែត្រប៉ុណ្ណោះ តែដោយសារតែចរាចរណ៍មានភាពមមាញឹក រាជរដ្ឋាភិបាលក៏សម្រេច ពង្រីកទទឹងផ្លូវនេះ រហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង៤០គីឡូម៉ែត្រនឹងពង្រីកពី២គន្លងទៅ៤គន្លង ។

លោកបន្តថា បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង១៧០គីឡូ​ម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៤ ។ ដោយឡែកស្ពានចាស់ចំនួន២៤ ក៏នឹងត្រូវពង្រីកទំហំរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន៨កន្លែងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here