ការសម្រុកទិញប្រេង និងឧស្ម័នរុស្ស៊ីឥតឈប់ឈរពីសំណាក់មហាយក្សចិនជួយឱ្យសេដ្ឋកិច្ចរុស្ស៊ីមិនដួលរលំ

0

ដោយៈ សុខុម

អន្តរជាតិ: ទោះបីជាលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តបានបង្កើនការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន យ៉ាងណាក្ដី ក៏កំណើនតម្រូវការនាំចូលថាមពលរុស្ស៊ី បានជួយឱ្យសេដ្ឋកិច្ចរុស្ស៊ី នៅតែអាចដំណើរការបានធម្មតា ជៀសផុតពីការដួលរលំ។

ប្រទេសចិន ដែលសេដ្ឋកិច្ចធំបំផុតនៅអាស៊ី និងប្រទេសឥណ្ឌា ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ នៅអាស៊ី គឺជាអ្នកទិញប្រេង និងឧស្ម័នរុស្ស៊ី ច្រើនជាងគេបំផុត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ នេះ។

ទោះជារងទណ្ឌកម្មផង និងទទួលរងផលប៉ះពាល់ ពីវិបត្តិកូវីដ-១៩ ផងយ៉ាងណាក្ដី ក៏សេដ្ឋកិច្ចរុស្ស៊ីបានធ្លាក់ចុះត្រឹមតែ២,១%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២ ពោលគឺតិចជាងឆ្ងាយណាស់ បើធៀបនឹងការធ្លាក់ចុះរហូតដល់ទៅ១២% ដែលស្ថាប័នអន្តរជាតិបានធ្វើការព្យាករមុននេះ។

*តើតម្រូវការថាមពលរុស្ស៊ី ពីសំណាក់ប្រទេសចិន និងឥណ្ឌា កើនឡើងដល់ថ្នាក់ណា?

ប្រទេសចិន និងប្រទេសឥណ្ឌា ដែលសុទ្ធតែបានបដិសេធមិនថ្កោលទោសរុស្ស៊ី ឬដាក់ទណ្ឌកម្មលើរុស្ស៊ី ឡើយចំពោះការបញ្ឆេះសង្រ្គាមឈ្លាន​ពានអ៊ុយក្រែន បានក្លាយជាអ្នកទិញប្រេងឆៅរុស្ស៊ី ដ៏ធំបំផុតកាលពីឆ្នាំមុន ខណៈបណ្ដាប្រទេសលោកខាងលិច បានរឹតបន្តឹងការនាំចូល និងបានដាក់ទណ្ឌកម្ម។

ការនាំចូលប្រេងឆៅរុស្ស៊ី ពីសំណាក់ប្រទេសចិន បានកើនឡើង៨%ក្នុងឆ្នាំ២០២២ ដែលស្មើនឹង១,៧២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន ដែលធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតទី២ នៅអាស៊ីបូព៌ា។

ក្រុមហ៊ុនវិភាគទីផ្សារទំនិញ Kpler បានប៉ាន់ប្រមាណថា ប្រទេសចិន នឹងនាំចូលប្រេង ប្រមាណ៥,៦២លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែកុម្ភៈ ដើមឆ្នាំ២០២៣ ដែលច្រើនបំផុតមិនធ្លាប់មាន។

ការនាំចូលរបស់ប្រទេសចិន នូវឧស្ម័នបញ្ជូនតាមបំពង់បង្ហូររបស់រុស្ស៊ី បានកើនឡើង២,៦ដង ឈានដល់៣,៩៨ពាន់លានដុល្លារអាមេរិក ហើយការនាំចូលរបស់ប្រទេសចិន នូវឧស្ម័នធម្មជាតិរាវរុស្ស៊ី បានកើនឡើង២,៤ដង ឈានដល់៦,៧៥ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរ ការនាំចូលធ្យូងថ្មរុស្ស៊ី ពីសំណាក់ប្រទេសចិន កាលពីឆ្នាំមុនបានកើនឡើង២០% ឈានដល់៦៨,០៦លានតោន។

ប្រទេសឥណ្ឌា ដែលបានក្លាយជាអ្នកទិញប្រេងរុស្ស៊ីធំបំផុតនោះ បាននាំចូលប្រេងរុស្ស៊ី ច្រើនបំផុតមិនធ្លាប់មានរហូតដល់ទៅ១,៤លានបារ៉ែ ក្នុងមួយថ្ងៃក្នុងខែមករា ដោយកើនឡើងជាង៩%បើធៀបនឹងខែធ្នូ។

ការនាំចូលធ្យូងថ្មរុស្ស៊ី ពីសំណាក់ឥណ្ឌា ក្នុងឆ្នាំ២០២២ បានកើនឡើងជិត១៥% ឈានដល់១៦១,១៨លានតោន៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here