ដោយវុត្ថា
ហ្វីលីពីន៖ ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines (PAL) បានប្រកាសថា ខ្លួន នឹងដាក់ឪ្យដំណើរការជើងហើរត្រង់ថ្មីមួយបន្ថែមទៀត នៅដើមខែមេសា ឆ្នាំ២០១៩ ខាងមុនេះ ដោយហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់ទីក្រុងភ្នំពេញ។
លោក Jaime Bautista ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកកាលពីម្សិលមិញនេះថា ក្រុមហ៊ុននឹងពង្រីកជើងហោះហើររបស់ខ្លួនទៅទីក្រុងភ្នំពេញ និងទីក្រុងហាន់ណូយស្របតាមយុទ្ធសាស្ត្រទស្សនវិស័យដែលបានដាក់ចេញ គឺធ្វើឱ្យប្រទេសហ្វីលីពីនក្លាយជាច្រកទ្វារចូលដ៏ពិតប្រាកដមួយនៅទ្វីបអាស៊ី ដោយនឹងដាក់ដំណើរការជើងហោះហើរត្រង់ពីទីក្រុងម៉ានីល មករាជធានីភ្នំពេញ របស់កម្ពុជា និងទៅកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាម។
លោកបន្តថា សម្រាប់ជើងហោះហើរទីក្រុងភ្នំពេញ-ម៉ានីស ក្រុមហ៊ុនគ្រោងប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលអាចផ្ទុកអ្នកដំណើរ ១៥៦នាក់ និង Airbus A321 ដែលផ្ទុកអ្នកដំណើរបាន ១៩៩នាក់ ដោយក្នុងមយសប្ដាហ៍ នឹងមានជើងហោះហើរចំនួន ៥ជើង ពោលគឺ ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ សុក្រ និង សៅរ៍។
លោកប្រធានក្រុមហ៊ុនរូបនេះ បញ្ជាក់ទៀតថា ក្រុមហ៊ុនក៏គ្រោងបើកដំណើរការឡើងវិញ ជើងហោះហើរទៅទីក្រុងញូដេលី និងប្រទេសឥណ្ឌា បន្ទាប់ពីបានផ្អាកដំណើរការកាលពីឆ្នាំ២០១៣កន្លងមកនេះ ។
លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជាបានស្វាគមន៍ចំពោះការហោះហើរត្រង់នេះ ព្រោះទីផ្សារហ្វីលីពីនមិនតូចនោះទេ ដោយកន្លងមកនេះ មានតែហោះត្រង់ទៅក្រុងសៀមរាប តែនៅពេលមានជើងហោះហើរត្រង់មកភ្នំពេញបែបនេះ រឹតតែល្អថែមទៀត ក្នុងការពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរ ហើយមិនមែនត្រឹមតែជនជាតិហ្វីលីពីនមកកម្ពុជានោះទេ វាអាចជនជាតិខ្មែរទៅហ្វីលីពីនវិញ។ លោកបន្តថា បន្ថែមពីនេះ នឹងបង្កើនជំនួញ និងពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែរឹងមុំាច្រើនថែមទៀត ព្រោះវិស័យទាំងពីរនៅមានកម្រិតនៅឡើយ។
លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាឪ្យដឹងដែរថា បើសិនជាមានការតភ្ជាប់ជើងហោះហើរត្រងចឹងមែននោះ ប្រជាជនខ្មែរនឹងស្គាល់ទីក្រុងម៉ានីលច្រើន ហើយប្រជាជនហ្វីលីពីនក៏ស្គាល់កាន់កម្ពុជាក៏ច្រើនដូចគ្នា ជាពិសេសភ្ញៀវទេសចរណ៍ក៏ដែលមកពីប្រទេសទី ៣ ឆ្លងកាត់ទីក្រុងម៉ានីលក៏មានចិត្តត្រេកអរដែរ ។ បន្ថែមពីនេះ ក៏នឹងជួយជម្រុញទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរកាន់តែល្អមួយកម្រិតទៀតផងដែរ៕