ដោយៈ សុខុម
អន្តរជាតិ: “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ” (BRI) ឬដែលគេស្គាល់ថា “ខ្សែក្រវាត់មួយ ផ្លូវមួយ” (One Belt One Road) របស់មហាយក្សចិន គឺជាគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសកលមួយ ដែលរដ្ឋាភិបាលចិន បានអនុម័តក្នុងឆ្នាំ២០១៣។
ទោះជាយ៉ាងណា តើគម្រោងប្រកបដោយមហិច្ឆតាដ៏ធំនេះ វិវឌ្ឍន៍ដល់ណាហើយគិតមកទល់បច្ចុប្បន្ន?។
គម្រោង “ខ្សែក្រវាត់មួយ ផ្លូវមួយ” ហាក់មានសន្ទុះយឺតយ៉ាវ ខណៈការផ្តល់ឥណទានដាំក្បាលចុះខ្លាំង ហើយគម្រោងអភិវឌ្ឍន៍នានាបានជាប់គាំង ដោយបង្ខំឱ្យប្រធានាធិបតីចិន លោកស៊ី ជីនភីង គិតគូរឡើងវិញលើគំនិតផ្តួចផ្តើមនេះ ដែលលោកធ្លាប់ពោលសរសើរថាជា “គម្រោងប្រចាំសតវត្សរ៍”។ នេះបើយោងគេហទំព័រ Foreign Policy (FP) បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ។

បន្ទាប់ពីចំណាយប្រាក់អស់រាប់រយពាន់លានដុល្លារ ក្រុមអ្នកជំនាញនិយាយថា ការផ្តល់កម្ចីឥណទានរបស់ប្រទេសចិន សម្រាប់គម្រោងអភិវឌ្ឍន៍នានានៃ “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានដាំក្បាលចុះខ្លាំង ដែលភាគច្រើនដោយសារវិបត្តិកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ផ្ទាល់តែម្ដង។
ទន្ទឹមនេះការគាំទ្រក៏ធ្លាក់ចុះខ្លាំងផងដែរ នៅពេលបណ្ដាប្រទេសដៃគូជាប់ផុងក្នុងបំណុល ហើយគម្រោងនានាត្រូវជាប់គាំង ដែលឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់ ចំពោះអនាគតនៃគំនិតផ្តួចផ្តើមដ៏ធំនេះ។
លោក Bradley Parks នាយកប្រតិបត្តិនៃក្រុមស្រាវជ្រាវ AidData នៅមហាវិទ្យាល័យ William and Mary College ក្នុងសហរដ្ឋអាមេរិក បានលើកឡើងថា ក្នុងឆ្នាំ២០២២ ចំនួន៦០ភាគរយ នៃកម្ចីឥណទានក្រៅប្រទេសរបស់ប្រទេសចិន ត្រូវបានផ្ដល់ឱ្យដល់បណ្ដាអ្នកខ្ចី ដែលមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ បើប្រៀបធៀបទៅនឹង៥%ក្នុងឆ្នាំ២០១០។
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានចាប់ផ្ដើមដាក់ចេញគំនិតផ្ដួលផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ក្នុងឆ្នាំ២០១៣ ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលមួយ នឹងពង្រីកដល់ជាង១៤០ប្រទេស ដើម្បីពង្រីកឥទ្ធិពលរបស់មហាយក្សចិន។
ដោយសារមើលឃើញពីទំហំ និងវិសាលភាពដ៏ធំធេងរបស់វាមជ្ឈដ្ឋានជាច្រើនយល់ថា វាជានឹងរីកកាន់តែធំ និងកាន់តែរឹងមាំ។ ប៉ុន្តែចក្ខុវិស័យរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏នៅតែស្រពិចស្រពិលដែរ ដោយធ្វើឱ្យមានការពិនិត្យពិច័យកាន់តែខ្លាំងឡើង និងបង្កភាពចម្រូងចម្រាសជុំវិញគំនិតផ្តួចផ្តើមនេះ៕ Foreign Policy៕







