សម្ដេចតេជាៈកម្ពុជានឹងអភិវឌ្ឍន៍ផ្លូវដែកដែលមានស្រាប់​ទៅជាផ្លូវ ល្បឿនលឿនទាំងអស់

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានៅពេលអនាគត កម្ពុជានឹងអភិវឌ្ឍន៍ផ្លូវដែក ដែលមានស្រាប់នេះ ទៅជាផ្លូវរថភ្លើងល្បឿនលឿនទាំងអស់ ដើម្បីជំរុញការដឹកជញ្ជូនក្នុងប្រទេសបានលឿនរហ័ស និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរីកចម្រើន។

សម្ដេចតេបានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់ក្រុមនិស្សិត​នៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានផ្លូវល្បឿនលឿនមួយហើយ ហើយនឹងគ្រោងបើកការដ្ឋានសាងសង់ផ្លូវល្បឿ​នលឿនមួយទៀតពីភ្នំពេញទៅបាវិត ដែលធ្វើឱ្យការដឹកជញ្ជូន ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានជំរើស ដោយពលរដ្ឋអាចធ្វើដំណើរតាមផ្លូវល្បឿនលឿនបង់ប្រាក់ ឬក៏ផ្លូវធម្មតាដោយមិនបង់ថ្លៃ។

សម្តេចបន្តថា “ប៉ុន្តែយ៉ាងណាក្រោយពីផ្លូវល្បឿនលឿនទី១ របស់យើងបានសាងសង់រួច និងដាក់ដំណើរការឃើញថា ប្រជាពលរដ្ឋភាគច្រើនបានជ្រើសរើសយកផ្លូវល្បឿនលឿន សម្រាប់ការធ្វើដំណើររបស់ខ្លួន ពីព្រោះវាលឿនប្រើពេលខ្លី និងចំណាយតិចជាងការធ្វើដំណើរតាមផ្លូវធម្មតា បើទោះបីផ្លូវល្បឿនលឿនបង់ថ្លែក៏ដោយ”។

សម្ដេចតេជោបន្ថែមថា កម្ពុជាបានសិក្សាផ្លូវរថភ្លើងល្បឿនលឿនមួយរួចហើយ ពីភ្នំពេញទៅប៉ោយប៉ែត ហើយក៏កំពុងរកថវិកា ដើម្បីមកវិនិយោគលើផ្លូវរថភ្លើងមួយនេះផងដែរ ។ ក្រៅពីនេះសម្ដេច ក៏បានជំរុញឱ្យសិក្សាលើផ្លូវដែក ដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ។

សម្ដេចបន្ថែមទៀតថា ដោយសារតែកម្ពុជា បានអភិវឌ្ឍន៍ខ្លួនលឿនរហ័សបែបនេះ បានធ្វើឱ្យកម្ពុជានឹងចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលឆាប់ៗនេះ ប៉ុន្តែនៅពេលប្រទេសកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាក៏ព្រួយបារម្ភពីការផ្ដល់ឥណទាន ដោយអត្រាការប្រាក់ខ្ពស់ឬកម្ចីឥណទានសម្បទានដោយគិតអត្រាការប្រាក់។

យ៉ាងណាសម្ដេចបានស្នើសុំ ប្រទេសមួយចំនួនរួចហើយថា នៅពេលកម្ពុជារួចផុតពីប្រទេសអភិវឌ្ឍន៍ សូមបន្តផ្ដល់អនុគ្រោះលើកម្ចីអភិវឌ្ឍន៍នានាដដែល ពីព្រោះកម្ចីទាំងនោះ គឺកម្ពុជាយកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here