អាជ្ញាធរខេត្តព្រះសីហនុសម្របសម្រួលការងាររវាងប្រជាពលរដ្ឋនិងអ្នកអភិវឌ្ឍន៍បុរីវីអាយភី

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កាលពីសប្តាហ៍មុន លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីនេះ។

បុរីនេះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

បន្ទាប់ពីមានមតិលើកឡើងរបស់តំណាងក្រុមហ៊ុន បុរី វីអាយភី តំណា​ងបងប្អូនប្រជាពលរដ្ឋ និងភាគីម្ចាស់បំណុល អង្គប្រជុំបានសម្រេចដូចខាងក្រោម ទី១ ដោយសារការជជែកពិភាក្សា ដោះស្រាយគ្នានាថ្ងៃនេះ ភាគីម្ចាស់បំណុល ដែលក្រុមហ៊ុន បុរី វីអាយភី បានជំពាក់ មិនអាចសម្រេចចិត្តក្នុងការរកដំណោះស្រាយ ច្បាស់លាស់ណាមួយនៅឡើយ។ ដូចនេះរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់កម្មវិធីប្រជុំដោះស្រាយម្តងទៀត នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋ តំណាងម្ចាស់ក្រុមហ៊ុនបុរី វីអាយភី និងម្ចាស់បំណុលទាំង៣ រួមមាន លោកជំទាវ សេង វួចលាង លោកឧកញ៉ា លី ហាក់ ឈន សៀកលាង ចូលរួមប្រជុំដោយផ្ទាល់ ដើម្បីពិគ្រោះគ្នារកដំណោះស្រាយ។

ទី២ រដ្ឋបាលខេត្តព្រះសីហនុ ខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បានការសាងសង់ បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចរាល់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here