ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក និងលើឧស្សាហកម្ម ដែលមានបច្ចេកវិទ្យាខ្ពស់មកកាន់កម្ពុជា។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជាមានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការកែច្នៃលើផលិតផលនានា ដែលមាននៅក្នុងស្រុក ដូចជា ស្រូវអង្ករ កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទី ជាដើម។
សម្តេចតេជោ បានថ្លែងថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។ មកទល់ពេលកម្ពុជាសល់ស្រូវ អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ចំណុចទី២ ប្រទេសកម្ពុជាចង់ទាក់ទាញវិនិយោគិនមកបណ្តាក់ទុនលើឧស្សាហកម្មបច្ចេកវិទ្យា ដូចជា រោងចក្រតំឡើងគ្រឿងអគ្គិសនី រថយន្ត ម៉ូទ័រ ។ល។ ដោយបច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើន រួមមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត។
សម្តេចតេជោលើកជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនជប៉ុនឈ្មោះ មីនីបៀ ពីដាក់ទុនវិនិយោគនៅកម្ពុជាតែខ្ទង់៣០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះទំហំវិនិយោគមានប្រមាណ១០០០លានដុល្លារអាមេរិកទៅហើយ ដែលទំហំផលិតម៉ូទ័ររបស់មីនីបៀនៅកម្ពុជាប្រហាក់ប្រហែលនឹងការផលិតនៅប្រទេសថៃ៕






