ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី កំពុងប្រកួតប្រជែងធ្វើម្ចាស់ផ្ទះ រោងចក្រដំឡើងរថយន្តអគ្គិសនី នៅតំបន់អាស៊ីអាគ្នេយ៍មួយទៀត សម្រាប់ក្រុមហ៊ុន BYD Co ដែលជាក្រុមហ៊ុនផលិតរថយន្ត EV ធំជាងគេទី២លើពិភពលោក។
កាលពីឆ្នាំ២០២២ ក្រុមហ៊ុន BYD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតរោងចក្រអាស៊ីអាគ្នេយ៍ ដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ។
រោងចក្រនោះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤ និងមានសមត្ថភាពផលិតរថយន្ត បានចំនួន១៥០.០០០គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនសម្រាប់ការនាំចេញ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។
អនុរដ្ឋលេខាធិការពាណិជ្ជកម្ម លោក Ceferino Rodolfo បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា “ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ចិនBYD កំពុងស្ថិតក្នុងដំណាក់កាលនៃការពិភាក្សា កម្រិតខ្ពស់ជាមួយប្រទេសហ្វីលីពីន”។
លោក Rodolfo បានបន្តថា អ្នកតំណាងរបស់ក្រុមហ៊ុន BYD បានស្វែងរកទីតាំង រោងចក្រនៅប្រទេសហ្វីលីពីន ក្នុងអំឡុងពេលធ្វើទស្សនកិច្ចកាលពីចុងឆ្នាំមុន ហើយក្រុមហ៊ុនអាចនឹងសម្រេចចិត្ត លើទីតាំងនោះក្នុងអំឡុងត្រីមាសទីពីរ។
ចំណែកឯ ការពិភាក្សារវាងក្រុមហ៊ុន BYD និងឥណ្ឌូនេស៊ី ជុំវិញការវិនិយោគ ដ៏មានសក្ដានុពលមួយនេះកំពុងដំណើរការ។ នេះបើយោងតាមបុគ្គលម្នាក់ ដែលដឹងពីបញ្ហាតែសុំមិនបញ្ចេញឈ្មោះ ដោយសារការពិភាក្សានេះមានលក្ខណៈឯកជន។

បុគ្គលរូបនោះបានអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្តល់ការផ្អាកយកពន្ធមួយចំនួន ការលើកទឹកចិត្ត និងការទទួលបានវត្ថុធាតុដើមថ្មអាគុយ ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុន BYD ឱ្យបង្កើតរោងចក្រនៅប្រទេសរបស់ខ្លួន ជាជាងការពង្រីកនៅក្នុងប្រទេសជិតខាងដូចជាប្រទេសថៃ។
ប្រទេសហ្វីលីពីន កំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្ត EV និងអាគុយលំដាប់កំពូលដូចជា BYD ជាមួយនឹងការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តផ្សេងទៀត ក្រោមច្បាប់ដែលបានអនុម័តកាលពីឆ្នាំមុន ដោយសារការកើនឡើងតម្លៃប្រេង បានជួយពន្លឿនការផ្លាស់ប្តូរ របស់ពិភពលោកចេញពីរថយន្តដែលប្រើហ្គាស។
ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ដែលគ្របដណ្តប់ស្ទើរតែពាក់ក ណ្តាលនៃទុនបម្រុងនីកែល របស់ពិភពលោក គឺស័ក្តិសមសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងក្រុមហ៊ុនផលិតអាគុយ ដែលលោហៈធាតុជាធាតុផ្សំដ៏សំខាន់។
លោក Rodolfo បានបន្ថែមថា “ក្រុមហ៊ុន BYD ដែលប្រើប្រាស់ផូស្វ័រដែកលីចូមនៅក្នុងអាគុយរថយន្ត EV របស់ខ្លួនកំពុងពិចារណា លើប្រទេសហ្វីលីពីនសម្រាប់សក្តានុពលកំណើនរបស់ខ្លួន”៕