រដ្ឋាភិបាល​គ្រោងប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេសកែច្នៃ​គ្រាប់​ស្វាយចន្ទី​

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏មានឥទ្ធិពលមួយ។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកមិញនេះ។

សម្តេចតេជោបានមានប្រសាសន៍ថា “ឆ្ពោះទៅមុខទៀត ប្រសិនបើកម្ពុជាមានសមត្ថភាព កម្ពុជាអាចក្លាយជាប្រទេសចែកចាយ គ្រាប់ស្វាយ ចន្ទី ដែលជាអ្នកចែកចាយធំជាងគេមួយ ព្រោះក្នុងមួយឆ្នាំ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃបានរហូត ទៅដល់១លានតោនឯណោះ”។

សម្តេចបានបន្តថា នាពេលខាងមុខ រាជរដ្ឋាភិបាលកំពុងទាក់ទាញអ្នកវិនិយោគ ហើយសម្តេចបានបញ្ជាក់ថា សម្តេចតែងតែប្រាប់ដល់មិត្តភ័ក្តិ និងវិនិយោគិនបរទេស ឱ្យយកចិត្តទុកដាក់មកបណ្តាក់ទុននៅកម្ពុជា។

សម្តេចបបន្តថា “ប្រទេសវៀតណាម និងឥណ្ឌាគឺជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីដ៏សំខាន់ ទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ប៉ុន្តែវៀតណាម កំពុងនាំចូលគ្រាប់ស្វាយចន្ទី ពីប្រទេសអាហ្វ្រិកមួយចំនួន សម្រាប់កែច្នៃ ហើយមួយផ្នែកក៏ពឹងផ្អែកលើកម្ពុជាផងដែរ”។

ប្រទេសកម្ពុជាមានវត្ថុធាតុដើម ប៉ុន្តែមិនមានលទ្ធភាពកែច្នៃគ្រប់គ្រាន់ទេ។ ដូច្នេះហើយកម្ពុជាមានបំណងទាក់ទាញ អ្នកវិនិយោគមកកែច្នៃវត្ថុធាតុដើមក្នុងស្រុក ហើយចំណុចនោះគឺថា វានឹងបង្កើតការងារ និងតម្លៃបន្ថែមដល់ផលិតផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here