ប្រទេសចិនកំពុងខិតខំស្តារឡើងវិញនូវកិច្ចព្រមព្រៀងវិនិយោគ ជាមួយសហភាពអឺរ៉ុប

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសចិនបានបង្កើនការតវ៉ា និងបញ្ចុះបញ្ចូលអ្នកធ្វើសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវផែនការកិច្ចព្រមព្រៀងវិនិយោគ ដែលនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងជាមួយប្លុកសហភាពអឺរ៉ុប។

រដ្ឋាភិបាលក្រុងប៉េកាំងបានស្នើឡើង ក្នុងពេលដំណាលគ្នា ដែលសហភាពអឺរ៉ុបលុបចោលទណ្ឌកម្ម ដែលបានធ្វើឱ្យខូច ដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការវិនិយោគ (CAI) ដែលបានស្នើឡើងនៅឆ្នាំ២០២១។

សំណើររបស់ប្រទេសចិនកើតឡើង ស្របពេលដែលខ្លួនព្យាយាមផ្លា​ស់ប្តូរឥរិយាបថពីសម័យនៃការទូត “អ្នកចម្បាំងចចក”ដ៏ខ្លាំងក្លា ហើយសម្លឹងមើលការកសាងសម្ព័ន្ធភាពអន្តរជាតិ ក្នុងការប្រឈមមុខនឹងភាពតា​នតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក។

លោក Fu Cong ឯកអគ្គរដ្ឋទូតចិនប្រចាំសហភាពអឺរ៉ុប បានស្នើរឡើងវិញនូវកិច្ចព្រមព្រៀងវិនិយោគអឺរ៉ុប ដែលត្រូវបានយល់ព្រមជាលក្ខណៈនយោបាយនៅចុងឆ្នាំ២០២០ ប៉ុន្តែមិនបានទទួលការយល់ព្រម ជាចាំបាច់ពីសភាអឺរ៉ុបនោះទេ។

ការផ្តល់សច្ចាប័នបានជាប់គាំង បន្ទាប់ពីទីក្រុងប៉េកាំងដាក់ទណ្ឌកម្មមន្ត្រីសហភាពអឺរ៉ុប ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ប្លុកអឺរ៉ុបជុំវិញការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្ស យ៉ាងទូលំទូលាយនៅក្នុងតំបន់ Xinjiang។

លោក Fu Cong បានមានប្រសាសន៍នៅខែកុម្ភៈនេះថា “សេដ្ឋកិច្ចពិភពលោក មិនបាននិងកំពុងឆ្លងកាត់ពេលវេលាដ៏ល្អមួយនោះទេ ហើយលោកទទួលស្គាល់ថា អ្នកជំនួញអឺរ៉ុបមួយចំនួន មានការត្អូញត្អែរខ្លះអំពីការចូលទៅកាន់ទីផ្សារចិន”។

លោក Fu បានថ្លែងក្នុងអំឡុងសន្និសីទខ្លីមួយ នៅមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុបនៅថ្ងៃទី៨ ខែកុម្ភៈថា “យើងពិតជាកំពុងស្តាប់គំនិតផ្តួចផ្តើមពីខាងសហភាពអឺរ៉ុប ហើយសំណើរបស់យើងគឺថា យើងចាកចេញពីការដាក់ទណ្ឌកម្មក្នុងពេលដំណាលគ្នា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here