ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីពេលថ្មីៗនេះ កម្ពុជា និងថៃបានពិភាក្សាគ្នាលើវគ្គថ្មីនៃសកម្មភាពពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។
ឧបនាយករដ្ឋមន្រ្តី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃ បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេរភាគី១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។
លើសពីនេះទៀត ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នឹងជួយបង្កើនពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់រវាងប្រទេសទាំង២ផងដែរ។
យោងតាមសេចក្តីប្រកាសពត៌មានបានឱ្យដឹងថា លោក ប្រាក់ សុខុន ក៏បានស្នើដល់សមភាគីថៃ ឱ្យដករបាំងពាណិជ្ជកម្មបច្ចេកទេស សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជាផងដែរ”។
លោក Pramudwinai បានមានប្រសាសន៍ថា “ប្រទេសថៃនឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្នុងវិស័យអប់រំ ដោយផ្តល់អាហារូបករណ៍តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)”។
ប្រទេសទាំងពីរបានឯកភាពសហការគ្នា ក្រោមពាក្យស្លោកថា “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” និងបានលើកទឹកចិត្តដល់អាជ្ញាធរនៅតាមព្រំដែន ឱ្យរួមគ្នារៀបចំព្រឹត្តិការណ៍ ដែលនឹងផ្សព្វផ្សាយ និងសម្រួលដល់លំហូរទេសចរណ៍រវាងប្រជាជាតិទាំងពីរផងដែរ។

ភាគីទាំង២បានពិភាក្សាអំពីនីតិវិធីអន្តោប្រវេសន៍ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោក ប្រាក់ សុខុន បានជំរុញឲ្យមានការកាត់បន្ថយថ្លៃ ទិដ្ឋាការការងារនៅប្រទេសថៃ សម្រាប់ពលករខ្មែរ។
បន្ថែមពីលើនោះ ប្រទេសទាំង២ក៏បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាកាសចរណ៍ ការកសាងសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
ប្រទេសទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការសម្របសម្រួលរវាងមន្ត្រីអនុវត្តច្បាប់ និងគូសបញ្ជាក់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដើម្បីកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។
ចំណែកលើក្របខណ្ឌតំបន់ និងអន្តរជាតិវិញ ប្រទេសទាំងពីរបានរំលឹកឡើងវិញ នូវការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន និងមេគង្គ ព្រមទាំងជួយដល់មីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ៕