បណ្ដាប្រទេសមកពីតំបន់អាស៊ីជាប្រភពទុនវិនិយោគធំ និងសំខាន់ ក្នុងវិស័យអចលនទ្រព្យកម្ពុជា

0

​​​​  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រហូតមកដល់បច្ចុប្បន្ននេះ បើទោះបីជាប្រភពទុនវិនិយោគក្នុងស្រុកលើវិស័យអចលនទ្រព្យ ចាប់ផ្ដើមមានកំណើនជាងមុនក្ដី តែប្រភពទុនដ៏សំខាន់ នៅតែបន្តពឹងផ្អែកពីបរទេស ជាពិសេសពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ កុម្ភៈថា នៅក្នុងប្រទេសកម្ពុជាយើង នៅតែមានការចូលរួមខ្លាំង ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី ហើយកន្លងមកយើងមិនទាន់ឃើញ មានគម្រោងធំៗណាមកពីតំបន់ក្រៅពីអាស៊ីនៅឡើយទេ។

លោកបន្តថា​”គម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុ​ប្បន្ននេះ​ភាគច្រើនមកពីប្រទេសជប៉ុន ដូចជា​​ អ៊ីអនម៉ល គម្រោងវិនិយោគមកពីប្រទេសកូរ៉េ សិង្ហបុរី និងប្រទេសចិនជាដើម”។

លោកសន សៀបបានបន្តថា ទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ នៅតែមានភាពទាក់ទាញខ្លាំង ពីសំណាក់វិនិយោគិនបរទេសនិងក្នុងស្រុក ជាពិសេសពីប្រទេសចិន។ មែនទែនទៅប្រទេសចិនទើបតែចូលមកកម្ពុជាក្រោយគេទេ ដែលកាលពីមុននោះ យើងឃើញកូរ៉េ និងជប៉ុនបានដាក់ទុនវិនិយោគ អចលនទ្រព្យច្រើនជាងគេ ប៉ុន្តែមកដល់ពេលនេះកូរ៉េ និងជប៉ុន ត្រូវពីក្រោយប្រទេសចិន ដោយចិនបានដាក់ទុនច្រើនជាងគេវិញក្នុងពេលនេះ។

លោកបន្ថែមថា កម្ពុជាមិនផ្ដោតលើទុនវិនិយោគ ពីប្រទេសមួយនោះទេ គឺទទួលស្វាគមន៍គ្រប់បណ្ដាវិនិ យោគិនបរទេសនានា ហើយបើទោះ​បីជាអត់មានចិន ក៏នៅមានប្រទេសផ្សេងៗទៀតដែរ និងត្រូវមានការចូលរួមពីបណ្ដាប្រទេសផ្សេងៗឱ្យបានច្រើន ។

ជាមួយគ្នានេះ អ្នកនាងគឹម កិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃ ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតែបន្តពឹងលើការវិនិយោគពីបរទេស ទោះបីជាបច្ចុប្បន្ននេះវិនិយោគិនកម្ពុជាបានចាប់ផ្ដើមដាក់ទុនវិនិយោគ លើគម្រោងមួយចំនួនក្ដី។

អ្នកនាងបន្តថា “ការវិនិយោគអចលនទ្រព្យភាគច្រើន មកពីតំបន់អាស៊ី សម្រាប់មកពីបណ្ដាប្រទេសឆ្ងាយៗ មិនទាន់ជាមានគម្រោងធំៗ​​ ណាមួយគួរឱ្យកត់សម្គាល់នៅឡើយទេ”។

យ៉ាងណាក្ដីកម្ពុជា ក៏បានផ្សព្វផ្សាយទាក់ទាញការវិនិយោគ ពីតំបន់ផ្សេងក្រៅពីអាស៊ីដែរ ជាក់ស្ដែងថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានបង្ហាញពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដល់បណ្ដាធុរជន និងវិនិយោគិនមកពីអាមេរិក និងអឺរ៉ុបផងដែរ ដោយបានបង្ហាញពីសមិទ្ធផល ដែលកម្ពុជាទទួលបានក្នុងរយៈពេលថ្មីៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់ និងគ្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ក៏ដូចជាគម្រោងលើកកម្ពស់ផ្លូវដែកកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here