ផែនការមេប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងសម្រេចបានជាង៥០ភាគរយហើយ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការងារលើផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានឈានដល់ពាក់កណ្តាលផ្លូវ ហើ​យពេលនេះ បានចូលដល់ដំណាក់កាលពិនិត្យ និងផ្តល់អនុសាសន៍តាមកម្រិតបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ អភិបា​លរងនៃគណៈអភិបាលខេត្តព្រះសីហនុ។

យោងតាមការបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់ បានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យមួយថា ផែនការមេនេះ បានឈានដល់ហួស៥០ភាគរយ ហើយនៅសល់ដំណាក់កាលធំៗចំនួន៣ទៀត រហូតដល់ការអនុម័តជាផ្លូវការ។

តំបន់សេដ្ឋកិច្ចពិសេស SEZ ពហុបំណងមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុង Shenzhenទី២។

ទីក្រុងShenzhen គឺជាឧទាហរណ៍ដ៏ជោគជ័យបំផុត នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន ដោយសារវាបានជួយប្រែក្លាយភូមិនេសាទដ៏តូចមួយនេះ ទៅជាមជ្ឈមណ្ឌលផលិតថាមពល និងច្នៃប្រឌិតបច្ចេកវិទ្យាជាន់ខ្ពស់។

ជាមួយនឹងការអនុវត្តផែនការមេនេះ ប្រជាជនទីក្រុងក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១លាននាក់ ពី៣០០.០០០នាក់នាពេលបច្ចុប្បន្ន ខណៈតំបន់សេដ្ឋកិច្ចពិសេសពហុបំណង (SEZ) ចង់ប្រែក្លាយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រៀមនឹងដើរតួយ៉ាងសំខាន់ ក្នុងការស្តារឡើងវិញរបស់កម្ពុជាពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ផងដែរ។  បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុបាន​បញ្ចប់​ការ​សាងសង់​ផ្លូវ​ថ្មី​ចំនួន៣៤​ខ្សែ ហើយនិងកំពុង​ពង្រីក​កំពង់ផែ និង​ព្រលាន​យន្តហោះ​។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ ដែលមានតម្លៃ​២​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​តភ្ជាប់​ក្នុង​ខេត្ត​នេះ ​ក៏បាន​បើកដំណើរការ​រួចហើយដែរ កាលពី​ខែតុលា​ ឆ្នាំ២០២២។

ការសម្រេចចិត្តធ្វើឱ្យប្រសើរឡើង ក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង កើតឡើងទន្ទឹមនឹងការខិតខំប្រឹងប្រែងផ្សេងទៀតក្នុងការអភិវឌ្ឍន៍បន្ថែមទៀត នូវកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដោយសាងសង់​ក្រោមកម្ចី​ជាង២០០​លាន​ដុល្លារ ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ​ខេត្តព្រះសីហនុត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ចប់​ការសាងសង់នៅ​ឆ្នាំ២០២៥។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានចាប់ផ្តើម ចាត់វិធានការដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុផងដែរ។  រហូតមកដល់ពេលនេះ អគារចំនួន៣៥៩ ដែលត្រូវបានសម្គាល់ដោយរដ្ឋបាល កំពុងធ្វើការលើកញ្ចប់នៃការលើកទឹកចិត្ត សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន កម្ពុជា (CCCA) បានមានប្រសាសន៍ថា “នាពេលនេះ វិនិយោគិនចិននឹងត្រលប់មកខេត្តព្រះសីហនុវិញ ដោយសារហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកែលម្អជាលំដាប់ ជាមួយនឹងផ្លូវល្បឿនលឿនថ្មី ដែលតភ្ជាប់ពីភ្នំពេញទៅទីក្រុងព្រះសីហនុ និងការបញ្ចប់ការសាងសង់ផ្លូវថ្មីៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here