ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឪ្យដំណើរការជាផ្លូវការនូវគេហទំព័រថ្មីរបស់គ្រឹះស្ថានអង្គរដែលមានអសយដ្ឋាន www.angkorenterprise.gov.kh ដែលត្រូវបានរៀបចំសារជាថ្មី ដោយអ្នកជំនាញ ដើម្បីឪ្យមានភាពទាក់ទាញ ងាយស្រួល និងផ្តល់ព័ត៌មានបន្ថែមជាច្រើនដល់សាធារណៈជនក្នុងស្រុក និងអន្តរជាតិ ជាពិសេសគឺផ្តល់ព័ត៌មានជាក់ស្តែងភ្លាមៗ ស្តីពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។
គេហទំព័រថ្មីរបស់គ្រឹះស្ថានអង្គរដែលសម្ពោធដាក់ជាផ្លូវការដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃតី ១១ ខែមករា ឆ្នាំ ២០១៩ នេះ ក៏នឹងផ្តល់ព័ត៌មានមយយចំនួនស្តីពីទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ប្រាសាទនានា សំដៅជួយលើកស្ទួយដល់វិស័យទេសចរណ៍ និងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការរៀបចំដំណើរកំសាន្តរបស់ខ្លួន។
គហទំព័រថ្មីនេះ មានជាង ៥ ភាសា គឺខេមរៈភាសា ភាសាចិន ភាសាអង់គ្លេស ភាសាជប៉ុន និងភាសាកូរ៉េ ហើយអាចប្រើប្រាស់បានយ៉ាងស្រួលនៅលើនៅលើទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូវនិកផ្សេងៗទៀត ។ ជាងនេះទៀត សាធារណជនអាចចូលទៅពិនិត្យមើលនៃសំបុត្រដែលដាក់លក់បានជាក់ស្តែង (Real Time Data) នៅលើគេហទំព័រថ្មីនេះផងដែរ។
គ្រឹះស្ថានអង្គរ ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ បានប័ណ្ណជូនភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២,៥៩ លាននាក់ដែលមានកំណើនចំនួន ៥,០៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ និងទទួលបានចំណូលសរុបចំនួណ ១១៦ លានដុល្លារអាមេរិក មានកំណើនចំនួន ៨.០៣ ភាគរយ ធៀបនឹងឆ្នាំ ២០១៧ ដែលក្នុងនោះចំណូលបង់ចូលថវិការដ្ឋមានចំនួនជាង ១១០ លានដុល្លារអាមេរិក គិតជាប្រាក់រៀលស្មើរនឹងចនួន ប្រមាណ ៤៤៥ ពាន់លាលរៀល ដែលស្មើរនឹង ១០១,៥ ភាគរយ នៃច្បាប់ថវិកាជាងឆ្នាំ ២០១៨ ៕