ក្រុមអ្នកជំនាញអន្តរជាតិៈ កិច្ចសហប្រតិបត្តិការជាមួយមហាយក្សចិន គឺសំខាន់ណាស់ម្រាប់ជំរុញវិបុលភាពពិភពលោក

0

ដោយៈ សុខុម

ប៉េកាំង: ថ្វីបើផុសឡើងជាថ្មី នូវចិត្តគំនិតសង្គ្រាមត្រជាក់ក្នុងប្រទេសមួយចំនួននៅអឺរ៉ុបយ៉ាងណាក្ដី ក៏ថ្នាក់ដឹកនាំ និងអ្នកជំនាញធុរកិច្ចទូទាំងពិភពលោក បានអំពាវនាវឱ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងពិភពលោកទាំងមូលដើម្បីវិបុលភាពសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃពុធ ទី០១ ខែមីនា។

លោក Stephen Perry ប្រធានអង្គការលើកកម្ពស់ពាណិជ្ជកម្មរបស់អង់គ្លេស48 Group Club បានលើកឡើងថា “បញ្ហាប្រឈមសម្រាប់អង់គ្លេស និងលោកខាងលិច គឺត្រូវចែករំលែកកំណើនសេដ្ឋកិច្ច របស់មហាយក្សចិន។ ដូចនេះ យើងនឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទទួលបានចំណែកនៃកំណើននោះដែលយើងធ្លាប់មាន”។

លោកបន្ថែមទៀតថា “ខ្ញុំបានធ្វើជំនួញជាមួយប្រទេសចិន រយៈពេលជាង៥០ឆ្នាំមកនេះ ។ យើងបានជួបការលំបាកលើសពីម្ដង តែយើងនៅតែអាចជម្នះបាន ពីព្រោះកាលណាមានពាណិជ្ជកម្មកាន់តែច្រើន គឺឱកាសសន្តិភាពក៏មានកាន់តែច្រើន”។

ចំណែកលោក David Roth នាយកប្រតិបត្តិ The Store ដែលជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេសWPP បានថ្លែងថា “ខ្ញុំយល់ថា ផលិតផលរបស់អង់គ្លេស ប្រហែលជាមានតម្រូវការច្រើននៅក្នុងប្រទេ​សចិន ហើយខ្ញុំគិតថា បណ្ដាក្រុមហ៊ុនអង់គ្លេស មានឱកាសដ៏ល្អដើម្បីទាក់ទាញអតិថិជនចិន ក្នុងកម្រិតច្រើនជាងមុនឆ្ងាយ”។

លោកបានបន្តថា “ខ្ញុំពិតជាអន្ទះសារង់ចាំភ្ញៀវទេសចរចិន កាន់តែច្រើនចូលមកប្រទេសអង់គ្លេស។ ដូចនេះយើងនឹងមើលឃើញអត្ថប្រយោ​ជន៍បន្ថែមជាច្រើន នៅពេលការធ្វើដំណើរទៅមករវាងប្រទេសចិន និងអង់គ្លេ​ស វិលទៅរកភាពប្រសើរជាងមុនច្រើន”។

ជាមួយគ្នានេះ លោក Karim Adel ប្រធានមជ្ឈមណ្ឌល Al Adl ដើម្បីការសិក្សាសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ (Al Adl Center for Economic and Strategic Studies) ដែលមានមូលដ្ឋាននៅទីក្រុងគែរ ប្រទេសអេ ហ្ស៊ីបបានថ្លែងថា ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក មហាយក្សចិន ជួយគាំទ្រសេដ្ឋកិច្ចពិភពលោក តាមរយៈមធ្យោបាយជាច្រើន។ ប្រទេសចិន បានធ្វើពិពិធកម្មវិស័យសេដ្ឋកិច្ចដូចជាអចលនទ្រព្យ ថាមពល អគ្គិសនី បច្ចេកវិទ្យា និងផលិតកម្មជាដើម”។

 

លោកបានបន្ថែមទៀតថា “ទាំងអស់នេះ សុទ្ធតែជាវិស័យសំខាន់ៗដែលជួយគាំទ្រដល់បរិយាកាសជំនួញ និងការវិនិយោគ”។

រីឯលោក Paul Frimpong នាយកប្រតិបត្តិមជ្ឈមណ្ឌលអាហ្វ្រិក-ចិន សម្រាប់គោលនយោបាយ និងការប្រឹក្សាយោបល់ (Africa-China Center for Policy and Advisory) បានលើកឡើងថា “ចូរក្រឡេកមើលអ្វីដែលប្រទេសចិន កំពុងធ្វើសព្វថ្ងៃ គឺក្រឡេកមើល “គំនិតផ្ដួចផ្ដើមខ្សែក្រ​វាត់ និងផ្លូវ” (Belt & Road Initiative) ដើម្បីសាងសង់ និងតភ្ជាប់ទ្វីប និងប្រទេស ឬ តំបន់ជាច្រើនក្រោមគម្រោង និងកម្មវិធីតែមួយ”។

លោកគូសបញ្ជាក់ថា “ពីមុនមក មិនធ្លាប់មានអ្វីបែបនេះឡើយ ហើយប្រទេសចិន កំពុងតែដឹកនាំគំនិតផ្ដួចផ្ដើមនេះ។ ដូច្នេះសម្រាប់ខ្ញុំយល់ឃើញថា ប្រទេសចិន បានក្លាយជាផ្នែកដ៏ចាំបាច់មួយ នៃប្រព័ន្ធពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។

លោកបន្ថែមទៀតថា “បណ្ដាអ្នកជំនាញជឿថា ដើម្បីឱ្យសេដ្ឋកិច្ចពិភពលោកងើបផុតពីស្ថានភាពដ៏អាក្រក់ ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩ ប្រទេសនានាចាំបាច់ ត្រូវធ្វើការជាមួយគ្នា ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ហើយគិតគូរពីផលប្រយោជន៍របស់គ្នាទៅវញទៅមក”។

លោក Moatasem Rashed អ្នកប្រឹក្សាផ្នែកសេដ្ឋកិច្ចនៅសហព័ន្ធសមាគមវិនិយោគិនអេហ្ស៊ីប (EFIA) ថ្លែងថា “ប្រទេសចិន ធ្វើពាណិជ្ជកម្មជាមួយគ្រប់ប្រទេសទាំងនៃនៃពិភពលោក”។

លោកបន្តថា “បក្សកុម្មុយនីស្តចិនអះអាងថា ពិភពលោកទាំងមូលរស់នៅក្នុងកន្លែងតែមួយ ពិភពលោកទាំងមូលគឺជាទីក្រុងរួមតែមួយ ហើយនោះជាអ្វីដែលយើងសម្លឹងចង់បាន ដើម្បីផលប្រយោជន៍របស់យើង។ យើងត្រូវតែពិចារណា ពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក”។

ជាមួយគ្នានេះ លោកស្រី Rose Rono អ្នកប្រឹក្សាយោបល់ឯករាជ្យនៅតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AFCTA) ដែលមានមូលដ្ឋាននៅកេនយ៉ា បានលើកឡើងថា “ខ្ញុំយល់ថា ប្រទេសចិន ជាដៃគូបើកចំហបំផុតមួយ ជាពិសេសសម្រាប់អាហ្វ្រិក។ ខ្ញុំចង់និយាយថា ពួកគេបានបើកចំហទីផ្សារសម្រាប់ពួកយើងដើម្បីឱ្យពួកយើងមានលទ្ធភាពនាំចេញផលិតផលរបស់យើងទៅកាន់ប្រទេសចិន”។

លោកស្រីបន្តថា “ប្រទេសចិន បានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ហើយពួកគេជាដៃគូ ដែលផ្ដល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកដែរ”។

លោកស្រីបន្ថែមទៀតថា ប្រទេសចិន មិនត្រឹមតែជាដៃគូដែលនាំចូលផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដែលផ្ដល់ជំនួយបច្ចេកទេ​សផងដែរ ពាក់ព័ន្ធនឹងការសម្របសម្រួលពាណិជ្ជកម្ម និងមានការពិគ្រោះយោបល់គ្នា ដើម្បីស្វែងយល់ពីតម្រូវការមួយចំនួន ដែលយើងមានក្នុងនាមជាសហគមន៍ជំនួញ”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here