ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន BooYong Group អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់ពីឱកាសក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ក្នុងប្រទេសកម្ពុជា។
កាលពីដើមសប្តាហ៍នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុន BooYong Group ដឹកនាំដោយលោកបណ្ឌិត LEE JOONG KEUN ស្ថាបនិកក្រុមហ៊ុន ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
-->

ដោយមើលឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ដែលកំពុងតែមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឱ្យវិស័យឯកជនជាច្រើន បានងាកមកចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន BooYong Group ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ដូចគ្នា ក្នុងការចូលមកបណ្តាក់ទុន ហើយតាមរយៈជំនួបនាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុន ក្នុងការពិភាក្សា និងសិក្សាស្វែងយល់បន្ថែមពីឱកាសក្នុងការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន និងគម្រោងធំៗផ្សេងទៀត ដែលជាទិសដៅអាទិភាពក្នុងការលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសម្រេចបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅ។
គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿន ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត គម្រោងសាង់សង់ផ្លូវល្បឿនលឿនភ្នំពេញ -បាវិត និងគម្រោងសិក្សាប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលសុទ្ធសឹងតែជាគម្រោងធំសំខាន់ៗរបស់ក្រសួង ដែលបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុងការស្វែងរកដៃគូវិនិយោគផងដែរ៕
