សញ្ញាវិជ្ជមាន: តម្លៃលំនៅដ្ឋានថ្មីនៅទីផ្សារប្រទេសចិន ចាប់ផ្ដើមហក់ឡើង ក្រោយធ្លាក់ថ្លៃ៧ខែជាប់គ្នា

0

ដោយៈ សុខុម

ប៉េកាំង: ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធ ទី០១ ខែមីនា ថា តម្លៃលំនៅដ្ឋានថ្មីក្នុងទីក្រុងចំនួន១០០នៃប្រទេសចិន បាននៅទ្រឹង ឬហក់ឡើងខ្លះក្នុងខែកុម្ភៈ ក្រោយពីធ្លាក់ថ្លៃរយៈពេល៧ខែជាប់គ្នា ខណៈវិធានការបន្ធូរបន្ថយសម្ពាធ ក្នុងទីផ្សារអចលនទ្រព្យ បានធ្វើឱ្យអ្នកទិញមានទំនុកចិត្តជាងមុន។

ទិន្នន័យពី China Index Academy (CIA) ដែលជាស្ថាប័នសិក្សាស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិន បានបង្ហា​ញថា ការទ្រឹងតម្លៃនេះកើតមានឡើង ក្រោយពីតម្លៃធ្លាក់ចុះ០,០២%ក្នុងខែមករា បើធៀបនឹងខែធ្នូ ចុងឆ្នាំ២០២២។

ទិន្នន័យនេះបង្ហាញពីភាពប្រសើរឡើង នៅក្នុងវិស័យអចលនទ្រព្យ ដែលទទួលរងគ្រោះ ពីបញ្ហាបំណុលដ៏ធំរបស់បណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ បន្ទាប់ពីរដ្ឋាភិបាលចិន បានអនុម័តវិធានការជួយគាំទ្រយ៉ាងច្រើន។

ស្ថាប័ន China Index Academy លើកឡើងថា នៅក្នុងខែកុម្ភៈ ទីក្រុងចំនួន២៦ បានរាយការណ៍ពីការឡើងថ្លៃនៃលំនៅដ្ឋានថ្មី បើធៀបនឹង១២ទីក្រុងក្នុងខែមករា។

ទីក្រុងចំនួន១៤ រួមទាំងទីក្រុងភាគខាងកើតណានជីង (Nanjing) និងទីក្រុងភាគខាងត្បួងសានយ៉ា (Sanya) ផងដែរនោះ បានរាយការណ៍ពីការហក់ឡើងថ្លៃនៃលំនៅដ្ឋានថ្មី បើធៀបនឹងខែមករា ដែលមានតែទីក្រុងចំនួន៦ខែ បានរាយការណ៍ពីការឡើងថ្លៃនៃផ្ទះថ្មី។

ស្ថាប័ន China Index Academy លើកឡើងថា សកម្មភាពទីផ្សារកំពុងមានភាពប្រសើរឡើង នៅក្នុងទីក្រុងមួយចំនួន ដែលជាធម្មតាមានតម្រូវការខ្ពស់ ប៉ុន្តែទីផ្សារអចលនទ្រព្យជាតិ ឬទូទាំងប្រទេសនៅមិនទាន់បង្ហាញសញ្ញាច្បាស់លាស់ នៃការងើបឡើងវិញពីការធ្លាក់ចុះ បច្ចុប្បន្ននៅឡើយទេ។

ស្ថាប័ននេះនិយាយទៀតថា បរិយាកាសគោលនយោបាយអចលនទ្រព្យទំនង ជានៅតែមានលក្ខណៈសមស្របនៅឡើយ ជាមួយនឹងកំណើននៃការគាំទ្រគោលនយោបាយទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here