រោងចក្រ​ផលិត​សំបក​កង់​ថ្មី​មួយគ្រោងនឹង​ចាប់​ផ្តើម​សង្វាក់​ផលិតកម្ម​ឆាប់ៗ​នេះ​នៅ​ខេត្ត​ក្រចេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: រោងចក្រ ដែលវិនិយោគដោយក្រុមហ៊ុនចិនមួយគ្រោងចាប់ផ្តើមសង្វាក់ផលិតកម្មសំបកកង់របស់ខ្លួនឆាប់ៗនេះនៅខេត្តក្រចេះភាគឦសាន ដែលជាខេត្តមួយក្នុងចំណោមខេត្តដែលមានចម្ការកៅស៊ូច្រើនជាងគេ។

លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជាបានមានប្រសាសន៍ថា រោងចក្រនេះមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស UBE ក្នុងស្រុកស្នួល ខេត្តក្រចេះ។

លោក ជា វុទ្ធី បានថ្លែងនៅក្នុងបទបង្ហាញក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីពេលថ្មីៗនេះថា “កម្ពុជានឹងទទួលបានរោងចក្រផលិតសំបកកង់ថ្មីមួយនៅតំបន់សេដ្ឋកិច្ចពិសេស UBE ក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយរោងចក្រនេះនឹងក្លាយទៅជារោងចក្រផលិតសំបកកង់ទី៣នៅក្នុងប្រទេសកម្ពុជា”។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រផលិតសំបកកង់ចំនួន២ ដែល​រោងចក្រមួយ​កំពុង​ដំណើរការ ហើយ​ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឯរោងចក្រមួយ​ទៀត​ស្ថិតនៅ​ក្នុងខេត្ត​ព្រះសីហនុ​កំពុង​ត្រូវបានសាងសង់។

ដោយវិនិយោគពីក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ក្រោមទំហំទុន៣០០លានដុល្លារ ការងារសាងសង់រោងចក្រផលិតសំបកកង់ដ៏ធំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) រំពឹងថានឹងបញ្ចប់នៅខែឧសភា ។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

រោងចក្រថ្មីទី៣ត្រូវបានវិនិយោគដោយក្រុមហ៊ុនផលិតសំបកកង់រថយន្តដែលមានមូលដ្ឋាននៅខេត្ត Shandong របស់ប្រទេសចិន Qingdao Double ជាមួយនឹងទំហំទុនវិនិយោគចំនួន១,៤ពាន់លាន CNY (ប្រហែល២១០លានដុល្លារ)។ នៅពេលដំណើរការ រោងចក្រថ្មីនេះនឹងផលិតសំបកកង់រ៉ាឌីកាល់ដែលមានប្រសិទ្ធភាពខ្ពស់ចំនួន៨,៥លានគ្រាប់ក្នុងមួយឆ្នាំ។

យោងតាមលោក ជា វុទ្ធី បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតសំបកកង់ ហើយថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើឱ្យគិតគូរពីក្រុមហ៊ុនដែលអាចផលិតនៅកម្ពុជាដោយប្រើកៅស៊ូក្នុងស្រុក។

លោក​បានបន្ថែមថា​ “បច្ចុប្បន្ន​ម្ចាស់​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ជាច្រើនបាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​កៅស៊ូ​ក្នុង​ស្រុក​ចំនួន១០កន្លែង​សម្រាប់​ទិញវត្ថុធាតុដើម​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here