តើក្រុមអ្នកវិភាគបរទេសរំពឹងទុកអ្វីខ្លះពីលោក Li Qiang ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន?

0

ដោយ: គង់ លាងហួរ
ហុងកុង: លោក Li Qiang បានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រងតំណែងនាយករដ្ឋមន្ត្រី ដែលនឹងធ្វើឱ្យលោកដើរលើផ្លូវយ៉ាងរុឹងមាំដើម្បីដំណើរការសេដ្ឋកិច្ចរបស់ប្រទេសចិន។

ក្រុមមនុស្សជាច្រើនក៏កំពុងជជែកពិភាក្សា និងវិភាគយ៉ាងល្អិតល្អន់លើសំណួរធំៗជាច្រើនអំពីតួនាទី រចនាប័ទ្មការងារ គោលនយោបាយ និងអាទិភាពរបស់លោកផងដែរ។

លោក Li Qiang ជាអ្នកនយោបាយគាំទ្រផ្នែកធុរកិច្ចបំផុតនៅក្នុងរង្វង់ខាងក្នុងរបស់ប្រធានាធិបតីចិនលោក សុី ជីនពីង នឹងទទួលខុសត្រូវ ក្នុងការជំរុញសេដ្ឋកិច្ចចិនឱ្យដល់កម្រិតនៃកំណើនពីមុន លុបបំបាត់ហានិភ័យភ្លាមៗ ចាប់យកសក្តានុពលកំណើនរយៈពេលវែង និងលើក​កំពស់ប្រទេស​ចិន​ឲ្យ​ក្លាយ​ជា​សេដ្ឋកិច្ច​ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោក។

ក្រុមអ្នកវិភាគនៅក្រៅប្រទេសជាច្រើនជឿជាក់ថា លោក Li នឹងដើរតួយ៉ាងសំខាន់ជាអ្នកអនុវត្ត ជាជាងទទួលភារកិច្ចក្នុងការកែប្រែផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន។

លោក Andrew Collier អ្នកវិភាគប្រចាំនៅក្រុមហ៊ុន Global Source Partners បានមានប្រសាសន៍ថា “ចំណុចខ្លាំងចម្បងរបស់លោក Li គឺការងារដ៏យូររបស់លោកក្នុងនាមជាទីប្រឹក្សាដ៏ជិតស្និទ្ធរបស់លោកប្រធានាធិបតីសុី ជីនពីង” ។

អ្នកសិក្សាក្នុងស្រុកជឿជាក់ថា ការរក្សាការទុកចិត្តរបស់លោកសុី នឹងផ្តល់ឱ្យលោក Li នូវកម្រិតស្វ័យភាពខ្ពស់ក្នុងកិច្ចការសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យលោកអាចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីដោះស្រាយបញ្ហា ដែលចាំបាច់បំផុត ដូចជាការបង្កើនទំនុកចិត្តឯកជន។

យោងតាមសេដ្ឋវិទូចិនឯករាជ្យម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា “ លោក Li មានឱកាសដើម្បីធ្វើអ្វីមួយដែលអស្ចារ្យ ប៉ុន្តែអ្វីៗទាំងអស់នេះត្រូវធ្វើក្រោមគំនិតរបស់លោក សុី ជីនពីង”។

ការផ្លាស់ប្តូរមួយចំនួនត្រូវបានបង្ហាញឱ្យឃើញរួចទៅហើយ ខណៈពេលដែលលោក Li Qiang ធ្លាប់ត្រូវបានគេសន្មត់ថា “លោកឈរនៅពីក្រោយការផ្លាស់ប្តូរគោលនយោបាយជាច្រើន រួមទាំងការបោះបង់ចោលគោលនយោបាយសូន្យកូវីដរបស់ទីក្រុងប៉េកាំង និងការបន្តប្តេជ្ញាកម្រិតខ្ពស់ដើម្បីផ្តល់ការគាំទ្រឥតងាករេសម្រាប់សេដ្ឋកិច្ចឯកជន”។

បន្ថែមពីលើការឈឺក្បាលផ្នែកសេដ្ឋកិច្ចដូចជាកម្រិតខ្ពស់នៃបំណុលរដ្ឋាភិបាលកម្រិតមូលដ្ឋាន វិបត្តិអចលនទ្រព្យ និងភាពមិនសុខស្រួលរបស់អ្នកវិនិយោគ និងអ្នកប្រើប្រាស់ លោក Li នឹងប្រឈមមុខនឹងតម្រូវការបន្ទាន់ដើម្បីការពារការបញ្ជាទិញពីក្រៅប្រទេសមិនឱ្យធ្លាក់ចុះ។

លោក Wang Feng ប្រធានក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Ye Lang ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានមានប្រសាសន៍ថា “លោក Li ជាអ្នកតស៊ូមតិដ៏រុឹងមាំសម្រាប់ការបើកទីផ្សារបន្ថែមទៀតដល់វិនិយោគិនបរទេស និងបានជំរុញឱ្យការិយាធិបតេយ្យក្នុងស្រុកបង្កើតបរិយាកាសងាយស្រួលសម្រាប់អាជីវកម្មផងដែរ”។

លោក Wang Feng បានបន្តថា “លោក Li Qiang ទំនងជាផ្តល់ឱ្យអាជីវកម្មពីក្នុងស្រុក ឬក្រៅប្រទេសមានសេរីភាពកាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន និងតម្រូវឱ្យមន្ត្រីរដ្ឋាភិបាលកាត់បន្ថយច្បាប់ទម្លាប់មិនចាំបាច់ដើម្បីបម្រើដល់ក្រុមហ៊ុននានា”។

ក្រុមអ្នកវិភាគលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនពីការបើកប្រទេសឡើងវិញ នឹងជួយសម្រាលសម្ពាធលើលោក Li ដើម្បីធ្វើស្ថិរភាពសេដ្ឋកិច្ច ដែលអនុញ្ញាតឱ្យគណៈរដ្ឋមន្ត្រីរបស់លោកលះបង់ការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដូចជា ការលើកទំនុកចិត្តវិនិយោគិន ទប់ស្កាត់អត្រាគ្មានការងារធ្វើខ្ពស់ក្នុងចំណោមយុវជន និងជំរុញការចំណាយឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here