មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ប្រទេសចិនជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់បណ្តាប្រទេសនៅតំបន់អាសុី

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់បំផុតសម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី។

លោក ប្រាក់ សុខុន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួង ព្រមទាំងប្រមុខបេសកកម្មនៅក្រៅប្រទេសរបស់កម្ពុជាផងដែរ។

លោកបានបន្តថា “ដោយសារតែកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសចិនបានដើរទន្ទឹមល្បឿនជាមួយសហរដ្ឋអាមេរិកស្ទើរតែគ្រប់វិស័យ”។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “ឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងផ្នែកជាច្រើននៃពិភពលោកគឺទូលំទូលាយ និងរីកចម្រើនឥតឈប់ឈរ ហើយចិនគឺជាដៃគូដ៏សំខាន់បំផុតនៅក្នុងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់ប្រទេសស្ទើរតែទាំងអស់នៅក្នុងតំបន់អាស៊ី”។

អ្នកការទូតកំពូលកម្ពុជារូបនេះក៏បានលើកឡើងពីការរួមចំណែករបស់ប្រទេសចិនចំពោះពិភពលោក តាមរយៈគំនិតផ្តួចផ្តើមរបស់ខ្លួនដូចជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI)ផងដែរ។

លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា “ BRI បានផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រទេស ដែលចូលរួមទាំងអស់ ហើយ GDI និង GSI មានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចសកលកាន់តែត្រឹមត្រូវ និងយុត្តិធម៌”។

លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “BRI កំពុងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ខណៈដែល GDI និង GSI មានសារៈសំខាន់ ក្នុងការធានាសន្តិភាពពិភពលោក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា និងការខិតខំប្រឹងប្រែងឆ្ពោះទៅរកសហគមន៍អនាគតរួមគ្នាសម្រាប់មនុស្សជាតិ”៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here