តើវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុក្នុងខេត្តតាកែវផ្ដល់ប្រាក់ចំណូលដល់ពលរដ្ឋកម្រិតណា?

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ការវិនិយោគលើរោងចក្រ សហគ្រាសទាំងធុនតូច និងមធ្យមនៅក្នុងខេត្តតាកែវ បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះផ្ទាល់ ដោយក្នុងមួយឆ្នាំប្រជាពលរដ្ឋធ្វើការនៅតាមរោងចក្រសហគ្រាស ក្នុងខេត្តតាកែវ ទទួលបានប្រាក់ចំណូលប្រមាណ១៨០លានដុល្លារអាមេរិក។

នេះបើតាមលោកអ៊ូច ភា អភិបាលខេត្តតាកែវ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់ខេត្តតាកែវនៅព្រឹកថ្ងៃទី២ មីនា ២០២៣នៅទីស្ដីការគណរដ្ឋមន្ត្រី។

លោកបន្តថា បងប្អូនប្រជាពលរដ្ឋរស់នៅខេត្តតាកែវប្រមាណជាង៦ម៉ឺន៦ពាន់នាក់ បាននិងកំពុងធ្វើការ នៅតាមបណ្ដារោងចក្រ សហគ្រាស សិប្បកម្ម ស្ថាប័នមីក្រូហិរញ្ញវត្ថុ ធនាគារ ទទួលបានប្រាក់ចំណូលសរុបជាង១៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ លោកបន្តថា “គិតជាមធ្យមក្នុងម្នាក់មានប្រាក់ខែ២៥០ដុល្លារ ដូច្នេះសរុបទៅឃើញថាមានចំនួនច្រើន សម្រាប់ជួយបងប្អូននៅក្នុងខេត្តតាកែវ ” ។

ការវិនិយោគរោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្ម នៅក្នុងខេត្តតាកែវភាគច្រើនគេឃើញថា នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ហើយនៅពេលដែលរាជរដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវជាតិលេខ២ និងលេខ៣បានរួចរាល់ កំណើនរោងចក្រសហគ្រាសនឹងបន្តចូលទៅកាន់តំបន់នោះជាបន្តបន្ទាប់ទៀត ។

លោកអ៊ូច ភា ក៏បានថ្លែងថា ទីតាំងភូមិសាស្ត្រនៃខេត្តតាកែវ មានផ្លូវជាតិសំខាន់ៗ ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅកាន់ខេត្តផ្សេងៗទៀត ដូចជាផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវលេខ៤១ ដែលកំពុងជួសជុលលើកកម្រិតគុណភាព។ ផ្លូវទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងខេត្ត និងពលរដ្ឋពីតំបន់ផ្សេងៗផងដែរ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២និងលេខ៣ ជាតំបន់ដែលនឹងទាក់ទាញលើការវិនិយោគរោងចក្រ ឧស្សាហកម្មកាន់តែច្រើនឡើងនៅពេលអនាគតឆាប់ៗ ជាពិសេសនៅពេលគម្រោង សាងសង់មជ្ឈមណ្ឌលភស្តុភារ និងកំពង់ផែទឹកជ្រៅនៅខេត្តកំពតសាងសង់រួច ដោយសារតែតំបន់ទាំងនេះ មានការងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញពីកំពង់ផែទៅកាន់តំបន់រោងចក្រផលិត និងដឹកពីរោងចក្រទៅកាន់កំពង់ផែវិញ ។

ទីតាំងភូមិសាស្ត្រខេត្តតាកែវនេះដែរ ក៏បាននិងកំពុងទាក់ទាញលើការអភិវឌ្ឍ ជាលំនៅឋានលំហែរកាយផងដែរ ជាពិសេសនៅតំបន់ជុំវិញសួនសត្វភ្នំតាម៉ៅ ស្របនឹងអាកាសយានដ្ឋានអន្តរជាតិថ្មីក៏បានសាងសង់ជិតរួចរាល់ នៅក្នុងភូមិក្បែរទឹកដីខេត្តតាកែវផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here