តម្លៃសំបុត្រយន្តហោះរវាងទីក្រុងលំដាប់ទី២ក្នុងប្រទេសចិននិងថៃហក់ឡើងថ្លៃ២០០ភាគរយ

0

ដោយ: គង់ លាងហួរ

បាងកក: ថ្លៃសំបុត្រយន្តហោះជាមធ្យម សម្រាប់ជើងហោះហើរតភ្ជាប់ទីក្រុងសំខាន់ៗក្នុងប្រទេសចិន និងថៃនៅតែខ្ពស់ជាងតម្លៃមុនជំងឺកូវីដ១,៥ដង ខណៈតម្លៃសំបុត្រសម្រាប់បណ្តាទីក្រុង លំដាប់ទី២បានកើនឡើង២០០ភាគរយ ដែលមានន័យថាដំណើរទេសចរណ៍តម្លៃទាបមិនអាចវិលមកវិញបាននោះទេ។

លោក Yuthasak Supasorn  អភិបាល TAT បានមានប្រសា សន៍ថា “ទោះបីជាតម្លៃសំបុត្រយន្តហោះ ជាមធ្យមបានធ្លាក់ចុះពីឆ្នាំមុនក្តី ប៉ុន្តែតម្លៃសំបុត្រសម្រាប់ខែមីនា និងខែមេសា សម្រាប់គ្រប់ទីក្រុងទាំងអស់របស់ប្រទេសចិន នៅតែខ្ពស់ជាងមុនជំងឺរាតត្បាត”។

លោកបានបន្តថា តម្លៃនៃការហោះហើរសម្រាប់ទីក្រុងសំខាន់ៗក្នុងចិនដីគោកគឺខ្ពស់ជាងមុន១,៥ដង ដូចជា១៧.០០០ -២៤.៥០០បាតសម្រាប់ក្រុងសៀងហៃ ២០.០០០ -២៤.០០០បាតសម្រាប់ក្រុងឆឹងទូ និង១៤.០០០ -១៥.០០០បាតសម្រាប់ក្រុងក្វាងចូវ។

លោកបានបញ្ជាក់ថា តម្លៃសំបុត្រសម្រាប់ខែមីនា និងខែមេសា បានកើនឡើងទ្វេរដង សម្រាប់ទីក្រុងបន្ទាប់បន្សំ ដែលមិនមានជើងហោះហើរត្រង់ ខណៈដែលការបើកដំណើរការឡើងវិញ ទើបតែបានចាប់ផ្តើមនៅឆ្នាំនេះ ហើយលំហូរនៃអ្នកដំណើរ នៅតែទន់ខ្សោយក្នុងរយៈពេល២ខែដំបូង។

នៅខែកុម្ភៈកន្លងទៅ ចំនួនកៅអីមកពីភាគខាងកើតប្រទេសចិន ដូចជា សៀងហៃ ជាំងស៊ូ ហ្សេជាំង និងហឺប៉ី មាន១៧.៣០៨កៅអីក្នុងមួយសប្តាហ៍ ដោយមានក្រុមហ៊ុនអាកាសចរណ៍ជាង១០ ធ្វើប្រតិបត្តិការហោះហើរទៅកាន់ទីក្រុងបាងកក ភូកេត និងឈៀងម៉ៃ។

យោងតាមការស្រាវជ្រាវ Dragon Trail បានឱ្យដឹងថា ការចំណាយជាមធ្យម សម្រាប់អ្នកដំណើរជនជាតិចិន ក្នុងមួយនាក់ៗបានកើនឡើង ដោយសារការចំណាយលើ ការធ្វើដំណើរកាន់តែថ្លៃបានជំរុញឱ្យពួកគេពិចារណា ការស្នាក់នៅយូរជាងមុនចន្លោះពី៥ទៅ១០ថ្ងៃ។

ពួកគេចូលចិត្តធ្វើដំណើរជាមួយក្រុមតូចមួយ នៃសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយស្វែងរកបទពិសោធន៍ថ្មីៗ ជាជាងប្រើប្រាស់ក្រុមដំណើរទេសចរណ៍។

ការចំណាយជាមធ្យមក្នុងមនុស្សម្នាក់ បានកើនឡើងដល់៦០.០០០ទៅ១៥០.០០០បាត ក្នុងមួយលើកនៃការធ្វើដំណើរ កើនឡើងពីជាមធ្យម៥០.០០០ -៥៤.០០០បាតមុនពេលជំងឺរាតត្បាត ។នេះបើយោងតាមការស្រាវជ្រាវ Dragon Trail ៕

LEAVE A REPLY

Please enter your comment!
Please enter your name here