ប្រទេសសិង្ហបុរីគ្រោងសាងសង់ស្ថានីយលេខ៥របស់អាកាសយានដ្ឋានខ្នាតយក្សនៅតំបន់អាសុីក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក S Iswaran រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរីបានប្រកាសនៅថ្ងៃសុក្រនេះថា ការសាងសង់នៅលើស្ថានីយលេខ៥ (T5) នៃអាកាសយានដ្ឋាន Changi ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយនឹងដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។

ដោយផ្តល់នូវបច្ចុប្បន្នភាពលើគម្រោង លោក Iswaran បានមានប្រសាសន៍ថា ការរៀបចំដី និងការងារបង្ហូរទឹកនៅអាកាសយានដ្ឋាន Changi East ត្រូវបានបញ្ចប់ហើយ ដោយគម្រោងនេះធ្លាប់ត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារជំងឺរាតត្បាត។

លោកបានបន្ថែមថា ដល់ទីបញ្ចប់នេះ រដ្ឋាភិបាលនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន២ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀតទៅក្នុងមូលនិធិអភិវឌ្ឍន៍អាកាសយានដ្ឋាន Changi ព្រោះវាមានសារៈសំខាន់ក្នុងការរៀបចំធនធានមួយចំនួន នៅពេលវាមានថវិកាគ្រប់គ្រាន់ដើម្បីបង់គម្រោងដែលមានការចំណាយធំ។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានថ្លែងនៅឯការជួបជុំទិវាជាតិកាលពីឆ្នាំមុនថា “T5 ត្រូវបានរៀបចំឡើងវិញដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ជំងឺរាតត្បាត និងសន្សំសំចៃថាមពលកាន់តែច្រើន”។

លោក S Iswaran បានចែករំលែកថា កម្លាំងការងារអាកាសចរណ៍បច្ចុប្បន្នមានប្រហែល៩០ភាគរយនៃកម្រិតមុនជំងឺរាតត្បាត ដោយមានការងើបឡើងវិញពេញលេញដែលរំពឹងទុកនៅឆ្នាំ២០២៣នេះ។

លោក Iswaran បានបន្ថែមថា រដ្ឋាភិបាលគ្រោងបង្កើតកម្មវិធីនិរន្តរភាពអាកាសចរណ៍ចំនួន៥០លានដុល្លារសិង្ហបុរី ដើម្បីលើកទឹកចិត្តដល់វិស័យអាកាសចរណ៍ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ខ្លួន។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានបន្ថែមថា កម្មវិធីនេះនឹងផ្តល់មូលនិធិរហូតដល់៧០ភាគរយសម្រាប់គម្រោងគ្រប់វិស័យ និងផ្តល់រហូតដល់៥០ភាគរយសម្រាប់គម្រោងកម្រិតក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here