ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមការស្ទង់មតិរបស់វិស័យឯកជនបានបង្ហាញនៅថ្ងៃសុក្រនេះថា សកម្មភាពនៅក្នុងវិស័យសេវាកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងខែកុម្ភៈ ខណៈការដកចេញនូវការដាក់កំហិតលើជំងឺកូវីដ-១៩បានធ្វើឱ្យតម្រូវការរបស់អតិថិជនមានភាពរស់រវើកឡើងវិញ។
សន្ទស្សន៍គ្រប់គ្រងការទិញសេវាកម្មរបស់ Caixin/S&P Global បានកើនឡើងដល់៥៥ ក្នុងខែកុម្ភៈ ពី៥២,៩ក្នុងខែមករា ដែលជាការកើនឡើងប្រចាំខែ បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលវិធានការសូន្យកូវីដភ្លាមៗនៅក្នុងខែធ្នូ ឆ្នាំ២០២២។
ការកើនឡើងនៃតួលេខសន្ទស្សន៍សេវាកម្មផ្លូវការ PMI ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថាការងើបឡើងវិញដ៏រុឹងមាំនៅក្នុងវិស័យនេះកំពុងដំណើរការយ៉ាងល្អប្រសើរ។

ការស្ទង់មតិ Caixin បានបង្ហាញថាក្រុមហ៊ុនសេវាកម្មបានរាយការណ៍ពីការកើនឡើងខ្លាំងបំផុតនៅក្នុងអាជីវកម្មថ្មីចាប់តាំងពីខែមេសា ឆ្នាំ២០២១ ខណៈពេលដែលកំណើននៃការបញ្ជាទិញនាំចេញថ្មីបានបង្កើនល្បឿនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៤ឆ្នាំ។
ភាពប្រសើរឡើងនៃលក្ខខណ្ឌទីផ្សារក៏បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមានការងារធ្វើផងដែរ។ ក្រុមហ៊ុនបានចាប់ផ្តើមទទួលយកកម្មករបន្ថែមជាលើកដំបូងក្នុងរយៈពេល៤ខែ ហើយអត្រានៃការបង្កើតការងារគឺខ្លាំងបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារការចំណាយ និងការធ្វើដំណើរត្រូវបានជំរុញ។
រដ្ឋមន្ត្រីធនធានមនុស្សរបស់ប្រទេសចិន លោក Wang Xiaoping បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា “ទីផ្សារការងាររបស់ប្រទេសចិនគឺល្អប្រសើរជាងការរំពឹងទុកនៅក្នុងខែមករា និងខែកុម្ភៈ”។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao ក៏បានឱ្យដឹងផងដែរថា “ការប្រើប្រាស់របស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយការដើរទិញឥវ៉ាន់សំខាន់ៗ និងវិស័យម្ហូបអាហារមានការកើនឡើងគួរឱ្យកត់សម្គាល់”។
លោក Wang Zhe សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Caixin Insight Group បានអះអាងថា “សេដ្ឋកិច្ចចិនបានឈានចូលដល់ការងើបឡើងវិញក្រោយការឆ្លងជំងឺកូវីដ-១៩ ខណៈសកម្មភាពសេវាកម្មបង្ហាញសញ្ញានៃការងើបឡើងវិញខ្លាំងជាងវិស័យផលិតកម្ម ប៉ុន្តែឥទ្ធិពលនៃជំងឺរាតត្បាតនៅតែមានកម្រិតឆ្ងាយ”៕







