ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ទៅកាន់សមុទ្រកែបបានដាក់នៅក្នុងផែនការអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ហើយការសិក្សាសមិទ្ធិលទ្ធភាព គម្រោងនេះ ក៏បានបង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេសបរិស្ថាន និងច្បាប់ទម្លាប់ ។ គម្រោងថ្មីនេះនឹងក្លាយជាកម្លាំងចលករប្រែមុខមាត់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាលើឆាកអន្តរជាតិដែលនឹងអាចផ្ដល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ច ។
នៅព្រឹកថ្ងៃទី៣ មីនា ២០២៣នេះ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC ) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុនCCCC Water Transportation consultants Co.,Ltd ។
លទ្ធផលសិក្សាបានឱ្យដឹងថាមកពេលនេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុងទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក ។នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំងឡើង ទាំងផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ជាមួយនឹងគម្រោងថ្មីៗជាច្រើនដែលចាយថវិការាប់ពាន់លានដុល្លារអាមេរិក ធ្វើយ៉ាងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមាសន្ទុះបន្ថែមទៀត៕
