ដោយៈគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
ភ្នំពេញៈ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។
ដំណើរទស្សនកិច្ចនេះ ជាមូលដ្ឋានដ៏សំខាន់បំផុតបន្ថែមពីលើសម្ទុះដែលមានស្រាប់ ក្នុងការបង្កើនឱកាសសម្រាប់រដ្ឋាភិបាលទាំង ២ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។ ភាគីទាំង២បានអះអាងជាថ្មីនូវការគាំទ្រគ្នា ទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ និងបានឯកភាពគ្នាជាឯកច្ឆន្ទលើបញ្ហាតំបន់ និងសកលលោកជាច្រើនដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសនិងប្រជាជនទាំង២។
ការប្រកាស “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ដើម្បីប្រារព្ធខួបលើកទី៦៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការ បានឈានចូលយុគសម័យថ្មីនៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមាន អនាគតរួមគ្នាកាន់តែមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដើម្បីលើកកម្ពស់ចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរទៅកាន់ទំព័រថ្មីមួយទៀត ដ៏មានតម្លៃបំផុតសម្រាប់មនុស្សជំនាន់ក្រោយ។
ទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងចិនត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប៉ុន្តែជាទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានកើតមានឡើងតាំងពីសតវត្សរ៍ទី១៣មកម្ល៉េះ។ ក្នុងនាមជាប្រទេសជិតខាង និងដៃគូជិតស្និទ្ធជាប្រពៃណី ប្រទេសកម្ពុជា និងចិនបានលើកកម្ពស់ និងថែរក្សាចំណងមិត្តភាព “ដែកថែប” ដែលមិនអាចបំបែកបានរបស់ខ្លួន ដោយបានឆ្លងកាត់ការសាកល្បងពេលវេលា និងការលំបាកជាច្រើនជាប្រវត្តិសាស្ត្រ។
យោងតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងចិន ដែលចេញផ្សាយនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនមានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១២ ត្រូវបានចុះហត្ថលេខា រួមមាន វិស័យកិច្ចការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការនាំចេញកសិផលទៅកាន់ប្រទេសចិន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងការការពារបេតិកភណ្ឌវប្បធម៌ ជាដើម។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាបង្កើត “ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមានកិច្ចសហ
ប្រតិបត្តិការនយោបាយ សមត្ថភាពនិងគុណភាពផលិតកម្មកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រថ្មី និងទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងកម្ពុជា និងចិន នាំមកនូវការរំពឹងទុកដ៏ធំធេងនិងសុទិដ្ឋិនិយមដ៏អស្ចារ្យ សម្រាប់កម្ពុជាដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចកំពុងមានសម្ទុះ និងភាពធន់នៃសេដ្ឋកិច្ច ក៏កាន់តែត្រូវបានពង្រឹង។ វិស័យអាទិភាពទាំងប្រាំមួយ ឆ្លើយតបយ៉ាងឥតខ្ចោះចំពោះតម្រូវការជាក់ស្តែងនិងទាន់ពេលវេលារបស់កម្ពុជា។
ក្នុងនាមជាប្រទេសរងសោកនាដកម្ម ដោយសារជម្លោះ និងសង្គ្រាម កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាពទាំងក្នុងប្រទេសនិងក្នុងតំបន់ ការកសាងវិបុលភាព និងការអភិវឌ្ឍ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀត។ ប្រទេសចិនគឺជាមហាអំណាចមួយដែលតែងតែគាំទ្រ ជម្រើសឯករាជ្យរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ដែលសមស្របបំផុតទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន គាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ លើកកម្ពស់របៀបវារៈនយោបាយក្នុងប្រទេសសំខាន់ៗ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការរៀបចំឱ្យបានចប់កាន់តែឆាប់នូវ “ផែនការសកម្មភាពថ្មី នៃការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា” ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីផ្តល់សម្ទុះបន្ថែមទៀត ដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍសកល និងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួន ជាមួយកម្ពុជាត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រា នៃការវិនិយោគរបស់ចិននៅកម្ពុជា។
នៅបណ្តាឆ្នាំដំបូងៗ ប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើម សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការអភិវឌ្ឍធនធានមនុស្ស បានជួយជំរុញឱ្យកម្ពុជា ផ្លាស់ប្តូរពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (LMIC)។
យោងតាមស្ថិតិដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគរបស់ចិននៅកម្ពុជា មានចំនួនជិត២២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI)សរុបនៃព្រះរាជាណាចក្រកម្ពុជា ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩។ នៅឆ្នាំ២០១៧កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍របស់ចិន ប្រមាណ៤,២ពាន់លានដុល្លារ ដែលភាគច្រើនជាជំនួយឥតសំណង និងជាឥណទានសម្បទាន។
នៅឆ្នាំ២០២១ប្រទេសចិន បានឈរនៅលើកំពូលតារាងនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងទុនវិនិយោគសរុបប្រមាណ២,៣២ពាន់លានដុល្លារ កើនឡើង៦៧ភាគរយធៀបនឹងឆ្នាំ២០២០។
ខេត្តព្រះសីហនុគឺជាច្រករបៀងសេដ្ឋកិច្ច តំបន់ឆ្នេរដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលមានសក្តានុពលដ៏ធំធេង សម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងការដឹកជញ្ជូន ទេសចរណ៍និងការកម្សាន្ត និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech Hub)។ វាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសចិនរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍបន្ថែមទៀតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ហើយប្រទេសទាំងពីរបានរួមគ្នា សម្រេចឱ្យបាននូវចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងជាគំរូមួយ។ ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា នឹងទាក់ទាញសហគ្រាសចិន ដែលមានសមត្ថកិច្ចខ្ពស់មកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅលើផ្នែកដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាបអុបទិក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃការរួមបញ្ចូលគ្នា នៃកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មកម្ពុជា-ចិន។

ជាមួយនឹងកម្លាំងជំរុញ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) ការបង្កើត “ច្រករបៀងត្រី និងអង្ករ” នៅតំបន់ភាគពាយ័ព្យ នៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប នឹងជំរុញឱ្យមានការអភិវឌ្ឍ នៃវិស័យកសិកម្មអេកូឡូស៊ីទំនើប។
ការធ្វើទំនើបកម្មកសិកម្មកម្ពុជា នឹងធានាបាននូវកសិផលកម្ពុជាមានបរិមាណ និងគុណភាពខ្ពស់ជាងមុន សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ ការសម្រេចឱ្យបាននូវសក្តានុពល ដ៏ធំសម្បើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ប្រាកដជានឹងបង្កើនកម្រិតពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកើនឡើងជាពីរឬជាបី។
យោងតាមអង្គការទេសចរណ៍ពិភពលោក កម្ពុជា ជាប្រទេសដែលទទួលភ្ញៀវទេសចរចិនច្រើនជាងគេទី៨។ ក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរចិនមានជាង២,៣លាននាក់ ឬ៣៦ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប។ ភ្ញៀវទេសចរចិនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីបង្កើនប្រសិទ្ធភាពនិង កែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩របស់ខ្លួន ដោយផ្អែកលើស្ថានភាពវិវត្តន៍ និងជាមួយនឹងមិត្តភាពដែកថែបកម្ពុជា-ចិន កម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ ចំពោះចំនួនភ្ញៀវទេសចរចិន ដែលចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងនាពេលខាងមុខ។
ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍ ដ៏ធំបំផុតរបស់ពិភពលោក ហើយការរស់ឡើងវិញនៃការធ្វើដំណើរ នឹងផ្តល់ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងវប្បធម៌សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងពិភពលោកទាំងមូល។

ទំនាក់ទំនងដ៏ល្អ និងមានស្ថិរភាពរវាងកម្ពុជា និងចិនត្រូវបានបង្ហាញឱ្យឃើញ តាមរយៈកម្មវិធីផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងញឹកញាប់ ដែលធ្វើឡើងរវាងមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អ្នកសិក្សាស្រាវជ្រាវ និស្សិត សិស្ស និងប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែទទួលបានការគាំទ្រផ្នែកថវិកាពីរដ្ឋាភិបាលចិន។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឆ្នាំនៃមិត្តភាពកម្ពុជា-ចិន បានផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាឱកាសដ៏ល្អ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ- ឈ្នះនៅថ្នាក់ក្រោមជាតិ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ពង្រឹងការផ្លាស់ប្តូរយុវជន និងលើកកម្ពស់បុព្វហេតុមិត្តភាពកម្ពុជា-ចិនទៅកាន់ទំព័រថ្មីមួយទៀត។
ក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការ លើត្បូងពេជ្រយើងជឿជាក់ទាំងអស់គ្នាយ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំង និងធ្វើពិពិធកម្មលើគ្រប់វិស័យដែលជាផលប្រយោជន៍រួម ហើយកាន់តែភ្លឺស្វាងថែមទៀត។
សាមគ្គីភាព ក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ បទពិសោធដ៏រឹងមាំ ក្នុងកិច្ចសន្ទនាទ្វេភាគី កំណើននៃទំនាក់ទំនងគ្រប់កម្រិតលើវេទិកាផ្សេងៗ ការយោគយល់គ្នាទៅវិញទៅមក ដែលចាក់ឫសយ៉ាងស៊ីជម្រៅ និងវិធីសាស្ត្រប្រកបដោយការគោរពគ្នា ពិតជានឹងនាំបងប្អូនដែកថែបទាំងពីរ ឆ្ពោះទៅរកសមិទ្ធផលធំធេងជាងនេះ។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ឆកោណត្បូងពេជ្រកម្ពុជា-ចិនថ្មី នឹងបំភ្លឺផ្លូវ និងបង្កើតសម្ទុះពហុសណ្ឋាន សម្រាប់ការរួមគ្នាកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា៕






