លោកឧកញ៉ាលឹម ហេងៈកម្ពុជានឹងទាក់ទាញលំហូរវិនិយោគពី ជប៉ុនកាន់តែច្រើន

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ បានជួយបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូជី ជិតទីក្រុងតូក្យូ ដើម្បីដាក់តាំងផលិតផលខ្មែរទាំងអស់។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងStar Martនេះ ដើម្បីផ្សព្វផ្សាយនិងលក់ផលិតផល និងម្ហូបខ្មែរ។

លោកបន្តថា “នេះជារឿងល្អ សសម្រាប់ផលិតផលខ្មែរ ដែលជាការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា ជប៉ុន”។

ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកប៊ន សារៈមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ានឹងចូលរួមបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកការិយាល័យពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសេនដាយតូក្យូ ដោយមានសមាជិក១៤នាក់។

លោកឧកញ៉ាលឹម ហេងបានបន្តថា “ការបង្កើតការិយាល័យពាណិជ្ជកម្មកម្ពុជា នៅសេនដាយ និងតូក្យូ ជាផ្លែផ្កាដ៏ល្អមួយ ដែលនឹងជួយជម្រុញពាណិជកម្មរវាង ការវិនិយោគរវាងប្រទេសទាំងពីរ”។​លោកឧកញ៉ាបានបន្តថា “លើសពីនេះ ការិយាល័យនេះ ក៏ជាបន្លែង​ផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាប្រើប្រាស់សំរាប់ការិយាល័យទាក់ទងរបស់ពាណិជ្ជករជប៉ុន ដែលចង់មករកស៊ីនៅកម្ពុជា”។

លោកឧកញ៉ាបានបន្តថា កិច្ចការនេះ ក៏ជាការជម្រុញការចចារពាណិជ្ជកម្មសេរីកម្ពុជា ជប៉ុន និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលមានជប៉ុនជាសមាជិក ពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាពេលកន្លងមក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំជប៉ុនបានដំឡើងកម្រិតទំនាក់ទំ​នង​ប្រទេសទាំងពីរ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលយើងរំពឹងថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here