ទីភ្នាក់ងារអចលនទ្រព្យនៅប្រទេសថៃបង្ហាញពីនិន្នាការនៃអចលនទ្រព្យ៤ប្រភេទនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបានឈានចូលដល់ឆ្នាំ២០២៣ ជាមួយនឹងទស្សនវិស័យវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងសម្រាប់វិស័យអចលនទ្រព្យជាទូទៅ។

ទីប្រឹក្សាអចលនៈទ្រព្យ CBRE Thailand បានកំណត់និន្នាការសំខាន់ៗ ដើម្បីពិនិត្យមើលក្នុងវិស័យលំនៅដ្ឋាន ការិយាល័យ សណ្ឋា​គារ ឧស្សាហកម្មនិងផ្នែកដឹកជញ្ជូន។

លោក Roongrat Veeraparkkaroon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Thailand បានមានប្រសាសន៍ថា “ឆ្នាំ២០២៣បានចាប់ផ្តើម ជាមួយនឹងសុទិដ្ឋិនិយមច្រើនជាងឆ្នាំមុនៗ ដោយផ្អែកលើភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ដែលអតិថិជនម្នាក់ៗ និងសាជីវកម្មមានកម្រិតនៃទំនុកចិត្តកាន់តែច្រើនអំពីអនាគតសម្រាប់ឆ្នាំខាងមុខ”។

ទី១: លំនៅដ្ឋាន

ឆ្នាំ២០២២ គឺជាឆ្នាំដ៏ស្ងប់ស្ងាត់មួយផ្សេងទៀត សម្រាប់វិស័យខុនដូ នៅកណ្តាលទីក្រុងបាងកក ដោយជាង៩៥នៃយូនីតខុនដូថ្មី ដែលមានទីតាំងនៅកណ្តាលទីក្រុង និងជាយក្រុងផ្តោតលើទីផ្សារតម្លៃទាបដល់ទីផ្សារតម្លៃកណ្តាល។

អតិថិជនក្នុងស្រុក បានបង្ហាញពីចំណូលចិត្ត សម្រាប់ប្រភេទលំនៅដ្ឋានកំពស់ទាបៗ ចូលចិត្តដង់ស៊ីតេទាប កន្លែងធំជាងមុន និងអាចសម្របខ្លួនបាន។  នៅឆ្នាំនេះ អ្នកអភិវឌ្ឍន៍នឹងកាន់តែសកម្មក្នុងការចាប់ផ្តើមគម្រោងលំនៅដ្ឋានទាបៗ ដែលកំណត់គោលដៅតម្រូវការពិតប្រាកដ។

នៅក្នុងទីផ្សារខុនដូទីប្រជុំជន CBRE រំពឹងថា អ្នកអភិវឌ្ឍន៍នឹងបន្តផ្តោតលើការលក់ចេញខុនដូ ដែលមានស្រាប់របស់ពួកគេ មុនពេលវាយតម្លៃសក្តានុពល ក្នុងការចាប់ផ្តើមគម្រោងថ្មី នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ទី២: ការិយាល័យ

CBRE រំពឹងថានឹងមានសកម្មភាពជួល បន្ថែមទៀតនៅឆ្នាំ២០២៣នេះ ដោយបណ្តាក្រុមហ៊ុនថៃ ប្តេជ្ញាផ្លាស់ប្តូរទីតាំងចេញពីអគារ ដែលពួកគេកាន់កាប់អស់រយៈពេលជាង២០ឆ្នាំមកហើយ។

លោក Sarut Virakul នាយកការិយាល័យក្រុមហ៊ុន CBRE Thailand មានប្រសាសន៍ថា “ការចូលរួមជាមួយបុគ្គលិក និងការអនុវត្តយុទ្ធសាស្ត្រ នៅកន្លែងធ្វើការនឹងក្លាយជាគន្លឹះ សម្រាប់អ្នកកាន់កាប់ដើម្បីចាប់យកអនាគតនៃការងារ” ។

ការកើនឡើងនៃការចំណាយសមស្រប ក៏នឹងក្លាយជាការពិចារ​ណាដ៏សំខាន់សម្រាប់អ្នកកាន់កាប់ ម្ចាស់ផ្ទះនឹងត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជូននូវកញ្ចប់តម្លៃជួល ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ដើម្បីបញ្ចុះបញ្ចូលអាជីវកម្មខ្នាតធំ ឱ្យផ្លាស់ប្តូរទីតាំងរបស់ពួកគេ។

ទី៣: ឧស្សាហកម្ម និងឡូជីស្ទិក

តម្រូវការដីឧស្សាហកម្មនឹងបន្តកើនឡើងនៅឆ្នាំនេះ ខណៈដែលអ្នកអភិវឌ្ឍន៍ប្រញាប់ប្រញាល់ ពង្រីកតំបន់ឧស្សាហកម្ម ដែលមានស្រាប់ និងអភិវឌ្ឍថ្មី ដើម្បីបន្តតាមតម្រូវការ ខណៈដែលគោលនយោ​បាយ China Plus One នៅតែបន្តអនុវត្តន៍។

ទី៤: សណ្ឋាគារ

វិស័យទេសចរណ៍ឈានចូលដល់ឆ្នាំ២០២៣ ជាមួយនឹងសុទិដ្ឋិនិយមថា វាអាចជំរុញវិស័យសណ្ឋាគារ ឱ្យកាន់តែប្រសើរឡើង និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ ខណៈភ្ញៀវទេសចរចិនទាំងបុគ្គល និងទាំងក្រុមមានសេរីភាពឡើងវិញ ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។

ម្ចាស់សណ្ឋាគារ និងប្រតិបត្តិករនឹងផ្តោតលើ ការគ្រប់គ្រងតម្លៃសណ្ឋាគារ ជាពិសេសរួមបញ្ចូលទាំងយុទ្ធសាស្រ្ត ESG យូរអង្វែង ក៏ដូចជាការវិនិយោគលើបច្ចេកវិទ្យា និងការរក្សាទុកបុគ្គលិកផងដែរ ដោយអ្នកដែលបាត់បង់ការងារជាច្រើន មានការស្ទាក់ស្ទើរចិត្តក្នុងការត្រលប់ទៅធ្វើការវិញ៕

x

LEAVE A REPLY

Please enter your comment!
Please enter your name here