ដោយៈ ជេស៊ីកា
កោះកុងៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងសកម្ម ពីសំណាក់រដ្ឋាភិបាល ដើម្បីសមាហរណកម្មផ្ទៃក្នុងប្រទេស និងជម្រុញកំនើនសេដ្ឋកិច្ច កំពុងរុញខេត្តដាច់ស្រយាល មកកៀកនឹងរាជធានីភ្នំពេញ លើមួលដ្ឋានសេដ្ឋកិច្ច។
ជាក់ស្តែង ខេត្តកោះកុង ដែលជាខេត្តដាច់ស្រយាលមួយ បាននិងកំពុងរីកមុខរីកមាត់ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់ រដ្ឋាភិបាលនិងវិស័យឯកជន ដែលគំរោងទាំងនោះមានដូចជា
ផ្លូវជាតិលេខ១០
ផ្លួវដ៏សំខាន់នេះ តភ្ជាប់ពីស្រុកសំឡួត ខេត្តបាត់ដំបង កាត់តាមខេត្តពោធិសាត់ ឆ្លងចូលទឹកដីកោះកុង ដែលនេះជាផ្លូវជាតិថ្មីមួយ មិនត្រឹមតែធ្វើសមាហរណកម្ម ផ្ទៃក្នុងប្រទេសប៉ុណ្ណោះទេ តែក៏ជាការជម្រុញកំណើនសេដ្ឋកិច្ច លើកកំពស់ឯករាជ្យភាពកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាងផងដែរ។
ផ្លូវជាតិដ៏សំខាន់នេះ សម្រេចវឌ្ឈនភាពលើការសាងសង់ប្រមាណ៧០ភាគរយហើយ។
ព្រលានយន្តហោះតារាសាគរ
ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ ក៏នឹងដើរតួនាទីជាឈ្នួនបញ្ឆេះក្បាលម៉ាស៊ីនសេដ្ឋកិច្ច និងពង្រីកភាពទាក់ភាពការវិនិយោគបន្ថែមទៀត ពីអ្នកវិនិយោគជាតិ អន្តរជាតិទៅកាន់ខេត្តកោះកុង។

ព្រលានយន្តហោះនេះ នឹងចូលរួមចំណែកពង្រីកសក្តានុពលលើការដឹកជញ្ជូនទំនិញ ទេសចរណ៍ជាតិ អន្តរជាតិ កាន់តែច្រើន ដែលធ្វើឲ្យការដឹកជញ្ជូន តាមផ្លូវអាកាសកម្ពុជាកាន់តែសកម្ម និងរីកចម្រើនមួយកម្រិតទៀត។
លោកជំទាវមិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងបានបញ្ចប់ការសាងសង់ហើយ និងត្រៀមដាក់ដំណើរការនៅខែមិថុនាខាងមុខនេះ ដោយមិនពន្យាពេលទៀតនោះទេ។
ផ្លូវជាតិលេខ៤៨
ផ្លូវជាតិលេខ៤៨ បាននិងកំពុងសាងសង់ផងដែរ ប៉ុន្តែល្បឿននៃការសាងសង់ផ្លូវនេះអាចយឺតយ៉ាវបន្តិច ប៉ុន្តែការសម្រេចនូវការបញ្ចប់នូវការស្តារ និងលើកកំពស់គុណភាពផ្លួវនេះ ពិតជាដើរតួនាទីសំខាន់មួយទៀត ដល់ការតភ្ជាប់ការធ្វើដំណើរពីតំបន់ភូមិភាគកណ្តាល ទៅកាន់តំបន់នេះផងដែរ។
រហូតមកទល់ពេលនេះ ការស្ថាបនា និងស្តារផ្លួវជាតិលេខ៤៨ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រ សម្រេចបានប្រមាណ២០ភាគរយនៅឡើយទេ។
កំពង់ផែទឹកជ្រៅ
ការសាងសង់កំពង់ផែនេះ ហាក់ដួចជាស្ងប់ស្ងាត់បន្តិច ខណៈកាលពីឆ្នាំមុន លោកជំទាវមិថុនា ភូថងអភិបាលខេត្តកោះកុងបានបង្ហើបឲ្យដឹងថា ការសាងសង់កំពង់ផែនេះ បានជិតបញ្ចប់រួចទៅហើយ។
កំពង់ផែនេះ សាងសង់ឡើងដោយក្រុមហ៊ុនចិនដ៏ធំ ដែលកំពុងអភិវឌ្ឈន៍តំបន់តារាសាគរ រួមទាំងព្រលានយន្តហោះផងដែរ។
កំពង់ផែនេះ នឹងដើរតួនាទី ក្នុងការដឹកទំនិញពីកម្ពុជា ទៅកាន់ប្រទេសទី៣ ដោយមិនចាំបាច់ពឹងផ្អែក ប្រទេសជិតខាងទៀតឡើយ ហើយកសិផល ដ៏សម្បូរបែបពីតំបន់ភូមិភាគពាយ័ព្យ នឹងត្រូវដឹកជញ្ជូនតាមផ្លូវជាតិលេខ១០ មកកាន់ទីនេះនាពេលខាងមុខ។
សក្តានុពលទេសចរណ៍មានតម្លៃមិនអាចកាត់ថ្លៃបាន
ខេត្តកោះកុង ត្រូវបានចាត់ទុកជាកំណប់ទេសចរណ៍មួយ ដែលរដ្ឋាភិបាលមិនទាន់អាចទាញ យកមកប្រើប្រាស់ឲ្យអស់សក្តានុពលនៅឡើយ។
តំបន់ត្រពាំងរូង ជីផាត អារ៉ែង កោះស្តេច កោះកុងក្រៅ តំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ជាច្រើនទៀត ពិតជាត្រូវការពេលវេលា និងចំណាយទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍ ដើម្បីទាញយកសក្តានុពល ឬកំណប់ដ៏មហាសាលចេញពីទឹកដីខេត្តមួយនេះ ដើម្បីយកមកបំរើដល់ការអភិវឌ្ឈ សេដ្ឋកិច្ច និងសង្គមកម្ពុជាឲ្យមានភាពរីកចម្រើនមួយកម្រិតទៀត៕