ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាងសង់កន្ត្រកវិលខ្នាតយក្សមួយឈ្មោះថា “Seoul Ring”នៅSangam-dong នៃស្រុក Mapo ភាគខាងលិចក្រុងសេអ៊ូល ដើម្បីប្រែក្លាយរដ្ឋធានីនេះ ទៅជាទីក្រុងពិភពលោកដ៏ទាក់ទាញមួយ។
អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានប្រកាសពីផែនការនេះ ក្នុងអំឡុងកិច្ចប្រជុំនិទាឃរដូវ ដែលធ្វើឡើងដោយមានការអញ្ជើញចូលរួម ពីសំណាក់រដ្ឋមន្ត្រីការបរទេស លោក Park Jin និងបេសកជនបរទេសប្រមាណ១៥០នាក់ មកពី៩៩ប្រទេសប្រចាំប្រទេសកូរ៉េ នៅកោះអណ្តែតទឹក Some Sevit នៅលើដងទន្លេ Han។
Seoul Ring នឹងក្លាយជាកន្រ្តកវិលខ្នាតយក្សដ៏ធំ ដែលបំពាក់ដោយកាប៊ីនធំសម្រាប់អ្នកដំណើរ ក្នុងការរចនារាងជារង្វង់ដ៏ទំនើបរបស់វា។
លោក Oh Se-hoon បានធ្វើសេចក្តីយោងមួយទៅលើផែនការសាងសង់កន្ត្រកវិលនេះ ក្រោយពីលោកធ្លាប់បានប្រកាសពី“គម្រោងថ្ងៃលិចដ៏អស្ចារ្យ”កាលពីខែសីហាឆ្នាំ២០២២។
លោកបានប្តេជ្ញាថា ទីក្រុងសេអ៊ូលនឹងដំឡើង កន្លែងទាក់ទាញជាច្រើន រួមទាំងឆាកនៅលើទឹកសម្រាប់ការសម្តែងសិល្បៈ ស្ពានសម្រាប់អ្នកថ្មើរជើង និងកន្ត្រកវិលខ្នាតយក្ស ដើម្បីទាក់ទាញអ្នកទស្សនាទៅកាន់តំបន់ថ្ងៃលិចតាមដងទន្លេ Han។
ដំបូងឡើយ កន្ត្រកវិលដ៏ធំនេះ ត្រូវបានគេដាក់ឈ្មោះដំបូងថា “Seoul Eye”ដោយសារវាត្រូវបានបំផុសគំនិត ដោយកន្ត្រលវិលដ៏ធំនៅទីក្រុងឡុងដ៍ ដែលមានឈ្មោះថា“London Eye”។ ទោះជាយ៉ាងណាក្តី ឈ្មោះនេះបានផ្លាស់ប្តូរទៅជា“Seoul Ring”បន្ទាប់ពីការរចនារបស់វាត្រូវបានបញ្ចប់ ដោយស្រដៀងទៅនឹងចិញ្ចៀន៕
