ដោយៈ សុខុម
ប៉េកាំង: មហាយក្សចិន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបានឆ្លងកាត់ស្ថានការណ៍សាកល្បងយ៉ាងច្រើន និងសម្រេចបានសមិទ្ធផលយ៉ាងសម្បើមផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។ នេះបើយោងតាមរបាយការណ៍បូកសរុប ការងាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលបានដាក់ជូនទៅកាន់សភាជាតិកាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា។
របាយការណ៍នេះបង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន បានកើនឡើងរហូតដល់ ប្រមាណ១៧,៥ទ្រីលានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់៥,២%។
របាយការណ៍ដដែលបញ្ជាក់ថា ជាលទ្ធផលនៃការខិតខំប្រឹងប្រែងរយៈពេលប្រាំ៨ឆ្នាំមកនេះ ពលរដ្ឋក្រីក្រដែលរស់នៅទីជនបទ រហូតដល់ទៅប្រមាណ១០០លាននាក់ និងតំបន់ក្រីក្រសរុបចំនួន៨៣២តំបន់ ត្រូវបានជួយឱ្យងើបផុតពីភាពក្រីក្រ រួមទាំងប្រជាជនតោកយ៉ាកលំបាកខ្លាំងជាង៩,៦លាននាក់ ដែលបានផ្លាស់ទីលំនៅដ្ឋានពីបណ្ដាតំបន់ដែលពិបាករស់នៅផងដែរ។
សមិទ្ធផលផ្លែផ្កាដ៏ធំសម្បើមទាំងនេះ សម្រេចបាន ក៏ដោយសារមានការរីកចម្រើនខ្លាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បានកើនឡើងពី២,១%ឈានដល់២,៥%នៃ GDP និងការបន្តរីកចម្រើនឥតឈប់ឈរផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារហូតដល់កំណើនសេដ្ឋកិច្ចកើនលើស៦០%។
រចនាសម្ព័ន្ធសេដ្ឋកិច្ច ត្រូវបានកែលម្អបន្ថែមទៀត សេដ្ឋកិច្ចឌីជីថលបានបន្តកើនឡើងយ៉ាងខ្លាំង។ ទិន្នផលតម្លៃបន្ថែមនៃឧស្សាហកម្មថ្មីៗ និងទម្រង់ ព្រមទាំងគំរូអាជីវកម្មថ្មីៗ បានគ្របដណ្ដប់រហូតដល់ទៅជាង១៧%នៃ GDP។
ប្រទេសចិន បានកែលម្អហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដោយផ្លូវរថភ្លើងល្បឿនលឿន ដែលកំពុងដាក់ដំណើរការបច្ចុប្បន្ន បានកើនឡើងពីប្រវែង២៥.០០០គីឡូម៉ែត្រ ឈានដល់៤២.០០០គីឡូម៉ែត្រ។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើកំណែទម្រង់ស៊ីជម្រៅ និងបានបើកចំហលើគ្រប់វិស័យ ដើម្បីបង្កើតគំរូនៃការអភិវឌ្ឍថ្មីៗ និងបានធ្វើឱ្យបរិយាកាសអាជីវកម្ម មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។
ទន្ទឹមនេះ កម្រិតជីវភាពរបស់ប្រជាជន បានកើនឡើងជាលំដាប់ ដោយប្រាក់ចំណូលពលរដ្ឋម្នាក់ៗប្រចាំឆ្នាំ (GDP per capita) ជាទូទៅបានកើនឡើងស្របគ្នា នឹងកំណើនសេដ្ឋកិច្ច៕ Xinhua៕