ដោយ: គង់ លាងហួរ
ភ្នំពេញ: ការដឹកជញ្ជូនទំនិញតាមទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រខេត្តកំពត នឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅលើឆាកអន្តរជាតិ និងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ ខណៈការសិក្សាលទ្ធភាពលើគម្រោងនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) នៅថ្ងៃទី០៣ ខែមីនា ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សានេះ។
ក្រសួងបានបន្តថា ការបង្ហាញអំពីវឌ្ឍនភាពចុងក្រោយ នៃការសិក្សាលទ្ធភាពនៃគម្រោងផ្លូវទឹក និងភស្តុភារទន្លេបាសាក់ បានបង្ហាញថា មិនមានបញ្ហាបច្ចេកទេស បរិស្ថាន និងផ្លូវច្បាប់នោះទេ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការសិក្សាលទ្ធភាពនៃគម្រោងនេះ គឺជិតរួចរាល់ហើយ ហើយបានអនុវត្តយ៉ាងពេញលេញ ជាមួយនឹងស្តង់ដារបច្ចេកទេស និងអនុសញ្ញាអន្តរជាតិទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវទឹក។

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងការសិក្សា ភាគីពាក់ព័ន្ធទាំងអស់បានធ្វើការដោយផ្ទាល់ក្នុងវិស័យនេះ សហការ ពិភាក្សាការងារបច្ចេក ទេសសំខាន់ៗ ក៏ដូចជា ការពិនិត្យមើលលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់ នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់ប្រភេទ ដែលអាចរងផលប៉ះពាល់ពីការអភិវឌ្ឍន៍គម្រោងផងដែរ។
ក្រុមហ៊ុន និងក្រសួងគ្រោងនឹងរៀបចំរបាយការណ៍ស្តីពី សមិទ្ធិផល រួមទាំងផែនការមេ និងផែនការសកម្មភាពដែលត្រូវពិភាក្សា ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង មុននឹងដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា គម្រោងនេះនឹងក្លាយជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានៅលើឆាកអន្តរជាតិ និងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ”។
គម្រោងផ្លូវទឹក និងភស្តុភារនេះមានប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ ដោយតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត។
គម្រោងផ្លូវទឹកនេះ នឹងជួយកាត់បន្ថយសម្ពាធអតិបរមា នៃការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជា ជួយសម្រួលដល់សមាហរណកម្មផ្ទៃក្នុង ពង្រឹង និងពង្រីកការតភ្ជាប់ក្នុងតំបន់ និងអន្តរជាតិ តាមរយៈការដឹកជញ្ជូនផងដែរ ហើយការដឹកជញ្ជូនតាមផ្លូវទឹក សមុទ្រ និងកំពង់ផែនឹងកាន់តែងាយស្រួល រលូន និងមានប្រសិទ្ធភាពជាងមុន៕







