Cambodia Airwayនឹងធ្វើការហោះហើរត្រង់ទៅកាន់ប្រទេសចិននៅចុងខែមិនានេះ

0

   ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹងបើកដំណើរការជើងហោះហើរត្រង់រវាងរាជធានី ភ្នំពេញ នៃប្រទេសកម្ពុជា និងរដ្ឋធានីប៉េកាំងនៃប្រទេសចិន ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និងមករវាងប្រទេសកម្ពុជា និងប្រទេសចិន។

ការបើកដំណើរការជើងហោះហើរថ្មីនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ មិនាខាងមុខ និងត្រូវបានរំពឹងទុកថា នឹងរឹតបន្តឹងទំនាក់ទំនងមុខជំនួញ ការវិនិយោគ វប្បធម៌ និងទេសចរណ៍របស់ទីក្រុងទាំង ពីរឱ្យកាន់តែមានភាពប្រសើរឡើង។

ភ្នំពេញ ជារាជធានីនៃប្រទេសកម្ពុជា ព្រមទាំងជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ផងដែរ។ ទោះបីជាទីក្រុង នេះមានភាពអ៊ូរអរ និងមមាញឹកបន្តិចមែន ប៉ុន្តែវាក៏មានភាពទាក់ទាញមួយបែប។ អ្នកដំណើរនឹងឃើញពីភាពស្រស់ស្អាត នៃការលាយចូលគ្នារវាងទីកន្លែងវប្បធម៌ប្រវត្តិសាស្ត្រ និងអាគារទំនើបស៊ីវិល័យ។

ភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌ខ្មែរ ដោយការទទួលទានមុខម្ហូបប្រពៃណីខ្មែរ ទស្សនាល្ខោន និងរបាំខ្មែរ ព្រមទាំងដើរកំសាន្តតាមទីកន្លែងវប្បធម៌ ប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ រត្តភ្នំ មាត់ទន្លេជាដើម។ ខណៈពេលនោះដែរ ពួកគេក៏អាចជ្រើសរើសយកការបរិភោគអាហារបែបប្រណិត បន្ធូរភាពតានតឹងជាមួយការស្ប៉ា និងម៉ាស្សា ដើរទិញទំនិញម៉ាកល្បីៗ ព្រមទាំងស្នាក់នៅសណ្ឋាគា​រប្រណិតៗលំដាប់ខ្ពស់ផងដែរ។

ប៉េកាំង គឺជារដ្ឋធានី ជាទីបណ្តុំនៃសេដ្ឋកិច្ចជាតិ នយោបាយ វប្បធម៌ ការអប់រំ ព្រមទាំងជាមជ្ឈមណ្ឌលនៃការទំនាក់ទំនង និងពាណិជ្ជកម្មអន្តរជាតិ របស់ប្រទេសចិនផងដែរ។ ជារៀងរាល់ឆ្នាំ ទីក្រុងប៉េកាំងបានទាក់ទាញបេះដូងភ្ញៀវទេសចរ រាប់សិបលាននាក់ពីជុំវិញពិភពលោក ដោយសារតែការរួមបញ្ចូលគ្នាយ៉ាងល្អនៃវប្បធម៌ អរិយធម៌បុរាណដ៏សម្បូរបែប និងការអភិវឌ្ឍដ៏ជឿនលឿននៃទីក្រុងនេះ។

ទីកន្លែងទេសចរណ៍ល្បីៗនៅប៉េកាំង រួមមានមហាកំផែងនៃប្រទេសចិន ទីក្រុងហាមឃាត់ ប្រាសាទនៃឋានសួគ៌ ទីលានធានអានមិនជាដើម។

ជើងហោះហើរភ្នំពេញ-ប៉េកាំងនេះ នឹងផ្តល់កាលវិភាគនៃការហោះហើរ៣ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ និងសុក្រ រហូតដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៣ហើយ នឹងបន្តបន្ថែមកាលវិភាគនៃការហោះហើរ រហូតដល់៥ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ពុធ ព្រហស្បតិ៍ សុក្រ និងអាទិត្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣តទៅ។

ជើងហោះហើរ KR991 នឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ នៅម៉ោង៧៖៥០នាទីព្រឹក ហើយចុះចតនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង តាកស៊ីង នៅម៉ោង១៖៣០នាទីរសៀល ខណៈពេលដែលជើងហោះហើរត្រឡប់មកវិញ KR992 នឹងចាកចេញពីប៉េកាំងនៅម៉ោង ២៖៣០នាទីរសៀល និងមកដល់ភ្នំពេញវិញនៅម៉ោង ៦៖១៥នាទីល្ងាច (ម៉ោងនៅក្នុង ស្រុក)។
ជើង​ហោះ​ហើរនេះ នឹងមានការចូលរួមដំណើរពីសំណាក់ អ្នកតំណាងរបស់ក្រុមហ៊ុន អាកាស ចរណ៍ ខេមបូឌា អ៊ែរវ៉េ និងទទួលស្វាគមន៍ដោយព្រលានយន្តហោះអន្តរជាតិប៉េកាំងតាកស៊ីង។

ជើងហោះហើរថ្មីនេះដែរ នឹងត្រូវបានប្រតិបត្តិការហោះហើរ ដោយយន្តហោះ Airbus A320 ដែលមានសេវាកម្មទាំងថ្នាក់ធុរកិច្ច និងថ្នាក់សេដ្ឋកិច្ច។

ខេមបូឌា អ៊ែរវ៉េ ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដំបូងបង្អស់ ដែលផ្តល់ជូនសេវាកម្មថ្នាក់ធុរកិច្ច ដែលរួមបញ្ចូលនូវសេវាកម្មបន្ទប់សម្រាប់ អង្គុយរងចាំ (VIP Lounge) អាទិភាពសម្រាប់ដំណើរការ នៃការឆែកឯកសារ អាទិភាព សម្រាប់ការឡើងយន្តហោះ ទទួលបានភេសជ្ជៈស្វាគមន៍នៅលើយន្តហោះ អាហារស្តង់ដារថ្នាក់ធុរកិច្ច ការអនុញ្ញាតទម្ងន់អីវ៉ាន់ check-in រហូតដល់៤០គីឡូក្រាម ព្រមទាំងអាទិភាពសម្រាប់ការទទួលអីវ៉ាន់ ពេលចុះពីយន្តហោះផងដែរ។ ស្វាគមន៍មកកាន់ការហោះហើរជាលើកដំបូង របស់ជើងហោះហើរ ភ្នំពេញ -ប៉េកាំង ដោយក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុករបស់ប្រ​ទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here