អចលនទ្រព្យប្រភេទលំនៅឋានរំពឹងមានតម្រូវការខ្ពស់ក្នុង ឆ្នាំ២០២៣នេះ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាក្នុងអំឡុងវិបត្តិកូវីដ១៩ ឃើញថាចាប់ផ្ដើមមានបញ្ហាលើទីផ្សារ និងតម្រូការស្ទើរតែគ្រប់ផ្នែកមិនថាលំនៅឋាន ដីធ្លី ឬក៏អចលនទ្រព្យផ្សេងឡើយ។

ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣នេះ អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមើលឃើញថា អចលនទ្រព្យប្រភេទលំនៅឋានអាចនឹងមានតម្រូវការខ្ពស់ឡើងវិញ។

លោកឡុង បូរិន្ទ នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៣នេះ អាចចាត់ទុកជាឆ្នាំ សម្រាប់អចលនទ្រព្យប្រទេសកម្ពុជា ហើយក៏ជាដែលត្រូវអភិវឌ្ឍន៍អចលនទ្រព្យឱ្យកើនឡើងវិញផងដែរ។ យ៉ាណាក្ដីសម្រាប់ផ្នែកផ្សេងៗនេះអចលនទ្រព្យ យើងរំពឹងថាប្រភេទលំនៅឋានជាប្រភេទអចលនទ្រព្យដែលរំពឹងថា នឹងមានតម្រូវការខ្ពស់នៅក្នុងឆ្នាំ ២០២៣នេះ។

លោកបន្តថា ប្រភេទអចលនទ្រព្យជារីសត ផ្ទះលំហែកាយក៏ចាត់ទុកជាប្រភេទអចលនទ្រព្យ ដែលមានតម្រូវការខ្ពស់ផងដែរ នៅក្នុងឆ្នាំ២០២៣នេះ ហើយប្រភេទផ្ទះអាជីវកម្ម និងផ្ទះសម្រាប់ស្នាក់នៅ ក៏នឹងមានតម្រូវការខ្ពស់ដូចគ្នាដែរ ដែលអ្នកអភិវឌ្ឍន៍ត្រូវផ្ដោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍដើម្បីបំពេញ តម្រូវការទីផ្សារ។

លោកបន្តថា “ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ មនុស្សភាគច្រើន មិនសូវបានដើរកម្សាន្ត ឬអាចថាជាឆ្នាំដែលពួកគាត់ព្រួយបារម្ភពីកូវីដ១៩ ហើយឆ្នាំ២០២៣នេះ ស្ថានភាពកូវីដ១៩កាន់តែមានភាពប្រសើរទាំងក្នុងក្របខណ្ឌ ប្រទេសកម្ពុជានិងក្នុងក្របខណ្ឌពិភពលោក ដូច្នេះមនុស្សត្រូវការដើរកម្សាន្ត ហើយនៅពេលពួកគេដើរកម្សាន្តពិតណាស់ នឹងមានតម្រូវការទៅលើការស្នាក់នៅ ជាពិសេសក្នុងតំបន់រមណីយដ្ឋាន”។

លោកបន្ថែមថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ នៅមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយ។ ដូច្នេះនៅពេលអនាគតរួមទាំងឆ្នាំនេះផងដែរ តម្រូវការផ្ទះគ្រប់ប្រភេទ នឹងកើនឡើងខ្ពស់ ។

ជាមួយគ្នានេះ លោកឧកញ៉ានួន រឺទ្ធីអគ្គនាយកក្រុមហ៊ុនKFA ក៏បានលើកឡើងថា ការអភិវឌ្ឍលំនៅឋាន នៅតែមានសកម្មភាពទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ហើយតម្រូវការលំនៅឋានក៏នៅតែមានដូចគ្នា គ្រាន់តែមានច្រើនឬតិច ប៉ុន្តែមនុស្សម្នាក់ ត្រូវតែទីជម្រកមួយសម្រាប់ស្នាក់នៅដូច្នេះ តម្រូវការអចលនទ្រព្យប្រភេទនេះ នៅតែជាអាទិភាព សម្រាប់អភិវឌ្ឍន៍របស់វិនិយោគិនក្នុងនិងក្រៅប្រទេស។

យ៉ាងណាក៏ដោយស្រប នឹងកំណើនភ្ញៀវទេសចរអន្តរជាតិរំពឹងកើនឡើងវិញផងដែរនោះ អ្នកជំនាញនៃទីផ្សារខុនដូលោកខន គង្គាក៏រំពឹងថាទីផ្សារខុនដូ ក្នុងប្រទេសកម្ពុជាក៏នឹងហក់ឡើងខ្ពស់ដូចគ្នា នៅក្នុងឆ្នាំ ២០២៣នេះ ហើយក៏រំពឹងថា នឹងមានការអភិវឌ្ឍគម្រោងខុនដូថ្មីៗ នៅក្នុងកម្ពុជាបន្ថែមទៀតដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here