ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: រដ្ឋបាលលោក ចូ បៃដិនគ្រោងរឹតបន្តឹងច្បាប់លើការវិនិយោគក្រៅប្រទេសមួយចំនួន ដោយក្រុមហ៊ុនអាមេរិក ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបច្ចេកវិទ្យា ដែលអាចធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធារបស់ខ្លួន។ នេះបើយោងតាមមន្ត្រីអាមេរិកមួយរូបដែលដឹងអំពីការពិភាក្សានោះ។
បទបញ្ជាប្រតិបត្តិ ដែលនឹងចេញក្នុងពេលឆាប់ៗនេះ ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងដាក់កម្រិតលើការវិនិយោគរបស់អាមេរិកលើបច្ចេកវិទ្យាទំនើបដែលមានកម្មវិធីសន្តិសុខជាតិ ដូចជាសមត្ថភាពយោធាជំនាន់ក្រោយ ដែលអាចជួយឱ្យប្រទេសចិន កែលម្អល្បឿន និងភាពត្រឹមត្រូវនៃការសម្រេចចិត្តយោធា។ នេះបើតាមមន្ត្រីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយ និងនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ។
សកម្មភាព ដែលត្រូវបានរំពឹងទុកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយថ្មីបង្អស់របស់សេតវិមាន ដើម្បីកំណត់គោលដៅលើវិស័យយោធា និងបច្ចេកវិទ្យារបស់ប្រទេសចិន ស្របពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ច ទាំង២កាន់តែអាក្រក់ទៅ។
កាលពីខែតុលា ឆ្នាំ២០២២ រដ្ឋបាលសហរដ្ឋអាមេរិក បានដាក់ការត្រួតពិនិត្យការនាំចេញ ដើម្បីកំណត់សមត្ថភាពរបស់ចិន ក្នុងការទទួលបានបន្ទះឈីបកម្រិតខ្ពស់ ដែលអាមេរិកអះអាងថា ចិនអាចប្រើវាដើម្បីធ្វើអាវុធ ប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស កែលម្អល្បឿន និងភាពត្រឹមត្រូវនៃភស្តុភារយោធារបស់ខ្លួន។
ទំនាក់ទំនងដ៏ស្មុគ្រស្មាញនេះ កាន់តែតានតឹងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ទម្លាក់ បាឡុងចារកម្មចិនកាលពីខែមុន ។

រដ្ឋបាលលោក ចូ បៃដិន ក៏បានផ្សព្វផ្សាយជាសាធារណៈនូវការរកឃើញរបស់ចារកម្មសហរដ្ឋអាមេរិក ដែលបង្កើនការព្រួយបារម្ភថា ទីក្រុងប៉េកាំង កំពុងថ្លឹងថ្លែងក្នុងការផ្តល់អាវុធ ដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ភាពតានតឹងត្រូវបានបង្ហាញឱ្យឃើញ ខណៈក្រុមអ្នកការទូតកំពូលមកពីក្រុមប្រទេសG20 បានបញ្ចប់កិច្ចប្រជុំដ៏ចម្រូងចម្រាសមួយ ក្នុងទីក្រុងញូវដែលីកាលពីថ្ងៃព្រហស្បតិ៍ ដោយមិនមានការឯកភាពគ្នា លើសង្គ្រាមនៅអ៊ុយក្រែន និងការព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិន ដែលបានគ្របដណ្ដប់លើកិច្ចពិភាក្សាជាច្រើន៕