មន្ត្រីជាន់ខ្ពស់ចិនអះអាងថា អាស៊ានគួរតែជៀសវាងឱ្យឆ្ងាយពីការប្រជែងអំណាចរវាងប្រទេសធំៗ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសចិន លោក Qin Gang បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី៧ ខែមីនានេះ ថា សមា​គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែជៀសវាងពីការប្រកួតប្រជែងអំណាចណាមួយរវាងបណ្តាប្រទេសធំៗ។

ថ្លែងនៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក Qin Gang ក៏បានមានប្រសាសន៍ផងដែរថា អាស៊ានមិនអាចជាភ្នាក់ងារនៃកម្លាំងខាងក្រៅណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសរូបនេះបាន និងកំពុងឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលបណ្តាប្រទេស ក្នុងតំបន់កំពុងរងសម្ពាធ ហើយមើលឃើញថា វាមានការលំបាកកាន់តែខ្លាំងឡើង ក្នុងការពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ការធានាសន្តិសុខ និងលើប្រទេសចិនសម្រាប់ផ្នែកសេដ្ឋកិច្ច។

លោក Qin បានបន្តថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកគឺជាការប៉ុនប៉ង ដើម្បីបង្កើតជាចង្កោមផ្តាច់មុខ ដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រទេសក្នុងតំបន់”។ លោកបន្ថែមថា“ការប៉ុនប៉ងណាមួយ ដើម្បីឡោមព័ទ្ធប្រទេសចិននឹងត្រូវបរាជ័​យ”។

លោក Qin Gang បានកត់សម្គាល់ថា “ក្រុមមេដឹកនាំនៃប្រ​ទេសក្នុងតំបន់មួយចំនួនបានថ្លែងថា អាស៊ានមិនគួរក្លាយជាអ្នកតំណា​ងសម្រាប់ភាគីណាមួយឡើយ ហើយគួរតែនៅឆ្ងាយពីការប្រជែងអំណាចដ៏ធំ”។

លោក​បាន​មានប្រសាសន៍ថា នៅក្នុង​នាម​ជា​អ្នក​ជំរុញ​ការ​អភិវឌ្ឍ​ជា​សកល អាមេរិក​គួរ​តែ​រៀបចំ​វេទិកា ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ជា​ជាង​ការ​ប្រកួត​អុក​សម្រាប់ ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ។

លោក Qin Gang បានបន្ថែមថា “គ្មានសង្រ្គាមត្រជាក់ណាគួរតែត្រូវបានបញ្ឆេះនោះទេ ហើយវិបត្តិដូចនៅអ៊ុយក្រែន ក៏មិនគួរកើតឡើងម្តងទៀតនៅតំបន់អាស៊ីនោះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here