ដោយ: គង់ លាងហួរ
ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងផ្តល់កម្មវិធីលើកទឹកចិត្តដើម្បីជំរុញការលក់រថយន្តអគ្គិសនី (EVs) ចាប់ពីថ្ងៃទី២០ ខែមីនា ដែលនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនការអនុម័ត និងទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗដូចជា Tesla។
លោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានអះអាងថា “កម្មវិធីនេះនឹងគ្របដណ្តប់លើការលក់ម៉ូតូអគ្គិសនីចំនួន២០០.០០០គ្រឿង និងរថយន្តអគ្គិសនីចំនួន៣៥.៩០០គ្រឿង និងគ្របដណ្តប់លើការបំប្លែងម៉ូតូម៉ាស៊ីន ចំហេះចំនួន៥០.០០០គ្រឿងផងដែរ”។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីទាំង២រូបមិនបានបង្ហាញពីថវិកា ដែលបានកំណត់សម្រាប់កម្មវិធីនោះទេ ប៉ុន្តែគេបញ្ជាក់ថា ថវិកា៧លានរូពៀ(៤៥៧,៨២ដុល្លារ) នឹងត្រូវបានផ្តល់ទៅឱ្យអ្នកផលិត និងអ្នកលក់រាយសម្រាប់ម៉ូតូថ្មីនីមួយៗដែលបានលក់ដាច់។

ប្រទេសឥណ្ឌូនេស៊ី គ្រោងអភិវឌ្ឍរោងចក្រផលិត EV ក្នុងស្រុក ដើម្បីទាញយកអត្ថប្រយោជន៍ ពីទុនបម្រុងនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលជាសម្ភារៈសំខាន់សម្រាប់ផលិតថ្មអាគុយ។
លោក Luhut បានមានប្រសាសន៍ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុនថា “យើងកំពុងបញ្ចប់ការចរចា ជាមួយក្រុមហ៊ុនផលិតរថយន្តធំៗ២ក្នុងពិភពលោក ហើយយើងសង្ឃឹមថា គោលនយោបាយថ្មីនេះ នឹងធ្វើឱ្យជំហររបស់យើងកាន់តែរឹងមាំជាងមុន”។
លោកបានបន្ថែមថា “ប្រសិនបើយើង មិនផ្តល់ការលើកទឹកចិត្តនោះទេ ពួកគេនឹងមិនមករកយើងទេ”។
នៅពេលសាកសួរអំពីការពិភាក្សាជាមួយក្រុមហ៊ុន Tesla លោក Luhut បានបញ្ជាក់ថា “លោកគ្រោងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់សហរដ្ឋអាមេរិកមួយនេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត”។
លោក Luhut បានបដិសេធការសង្ស័យ ហើយបានមានប្រសាសន៍ថា “រោងចក្រនៅម៉ិកស៊ិក នឹងបម្រើដល់ទីផ្សារអាមេរិកខាងជើង ប៉ុន្តែលោកជឿជាក់ថា Tesla មានការប្តេជ្ញាចិត្តដាច់ដោយឡែកមួយនៅក្នុងតំបន់អាស៊ី”។
ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាន និងកំពុងព្យាយាមទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗដូចជា Tesla និង BYD Auto របស់ប្រទេសចិន៕